ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់មូស្លីមអូរសណ្តាន់ស្រឡាញ់សន្តិភាព រដូវកាលទី៥ ឆ្នាំ២០២០
ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង២.០០នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាដ្ឋានក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាដ្ឋានក្រសួងព័ត៌មាន លោកឧកញ៉ា លី ម៉ាន លោកអភិបាលស្រុក យូ សៅវុទ្ធី លោកមេឃុំអណ្តូងស្នាយ អញ្ជើញចូលរួមពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់មូស្លីមអូរសណ្តាន់ស្រឡាញ់សន្តិភាព រដូវកាលទី៥ ឆ្នាំ២០២០ នៅភូមិចាថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
តង់ទី១ រយៈពេល៤៥នាទីដំបូង យុវជនសម័យតេជោ 0 vs 0 TRY ALL FC បន្ទាប់មកនៅតង់ទី២ រយៈពេល១៥នាទីដំបូង TRY ALL FC នាំមុខ ១ vs 0 យុវជនសម័យតេជោ ៥នាទីក្រោយក្នុងកំដៅថ្ងៃ ធ្វើឲ្យក្រុម យុវជនសម័យតេជោ រកបាន ១គ្រាប់វិញ ដោយឃើញពីសមត្ថភាពគូរប្រកួតហាក់បីដូចជាគ្មានលំនឹង ធ្វើឲ្យក្រុមយុវជនសម័យតេជោ បន្តរក ២គ្រាប់បន្ថែមទៀតយ៉ាងរលូន រហូតដល់នាទី ទី៩០ ដែលជាការបញ្ចប់វគ្គប្រកួត ធ្វើឲ្យ យុវជនសម័យតេជោ ៣ vs ១ TRY ALL FC ។
មុនការបិទពិធីប្រកួតបាល់ទាត់ពានរង្វាន់មូស្លីមអូរសណ្តាន់ស្រឡាញ់សន្តិភាព ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាដ្ឋានក្រសួងព័ត៌មានបានពាំនាំនូវការផ្តាំផ្ញើរសួរសុខចំពោះថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបិទការប្រកួតទាំងអស់ រួមទាំងបងប្អូនសាសនិកអ៊ីស្លាម ក៏ដូចជាក្រុមកីឡាករ ជាមួយនិងធនធានខ្លះដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម អនុរដ្ឋលេខាធិកា ក៏បានជំរុញឲ្យប្ធូនៗកីឡាករត្រូវយកចិត្តដាក់ហាត់រៀនពីបច្ចេកទេសនៃការប្រកួតបន្ត ដើម្បីលើកស្ទួយវិស័យកីឡា និងអាចឈានទៅចូលរួមក្នុងការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ដែលព្រះរាជាណាចក្រកម្ពុជា គឺជាម្ចាស់ផ្ទះផង ឯកឧត្ដមបានសង្កត់ធ្ងន់ថា កីឡា នាំមកសុខភាព ទោះបីជាក្រុមណាចាញ់ ក៏ដើម្បីសុខភាពដែរ សូមនាំគ្នាលេងកីឡា ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន កុំសេពគ្រឿងញៀន ចូរនិយាយថា ទេ ចំពោះគ្រឿងញៀន និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវបន្តធ្វើជាគំរូល្អឲ្យក្មេងជំនាន់ក្រោយទៀត។
ចំពោះលោកអភិបាលស្រុក យូ សៅវុទ្ធី ក៏បានថ្លែងនូវអំណរគុណចំពោះឯកឧត្ដម ជុំ កុសល បើទោះបីជាឯកឧត្តមជាប់រវល់មិនបានអញ្ជើញមកផ្ទាល់ ក៏អនុញ្ញាតឲ្យឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកា ជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងការដឹកនាំបិទកម្មវិធីប្រកួតក្នុងថ្ងៃនេះ លោកក៏បានថ្លែងនូវអំណរគុណផងដែរចំពោះលោកឧកញ៉ា លី ម៉ាន ដែលបានជួយជ្រោមជ្រែងការក្នុងការកសាងកីឡាដ្ឋាន សម្រាប់សាសនិកក៏ដូចជាសម្រាប់បងប្អូនជនរួមជាតិបានលេងសប្បាយ ហើយលោកក៏សន្យាថា ទីតាំងកីឡាដ្ឋាននេះ គឺលោកទុកជូនសម្រាប់ប្រជាពលរដ្ឋលេងកីឡា ជារៀងរហូតហើយ លោកក៏បានស្នើរទៅលោកឧកញ៉ា លី ម៉ាន សូមជួយបំពេញនូវការខ្វះខាតផ្សេងៗទៀតជាច្រើន ដូចជាស្មៅជាដើម ដើម្បីងាយស្រួលដល់កីឡាកបានលេងឋិតក្នុងលំដាប់ដូចទីលានកីឡាផ្សេងក្នុងព្រះរាជាណាចក្រកម្ពុជា។
ចុងបញ្ចប់ពិធីបិទការប្រកួតបាល់ទាត់ ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាដ្ឋានក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាដ្ឋានក្រសួងព័ត៌មាន លោកឧកញ៉ា លី ម៉ាន លោកអភិបាលស្រុក យូ សៅវុទ្ធី លោកមេឃុំអណ្តូងស្នាយ លោកប្រធានកីឡាប្រចាំស្រុក ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើ ប័ណ្ណថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភ ព្រមទាំងប្រគល់ពានរង្វាន់ទៅដល់ក្រុមកីឡាកជ័យលាភីទាំងអស់ ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ៕