គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករាកន្លងមក សម្លាប់មនុស្សជាង ២០០នាក់
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣៥៨ លើក បណ្ដាលឲ្យស្លាប់ ចំនួន២០៦នាក់ និង របួសចំនួន៥៥៨នាក់ ។ នេះបើយោងតាម របាយការណ៍ បូក សរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ ។
របាយការណ៍នេះ អានដោយលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលខាធិការនៃ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារ សុវត្ថិភាពចរាចរផ្លូវគោក ប្រចាំខែមករា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
មូលហេតុគ្រោះថ្នាក់បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៤១% មិនគោរពសិទ្ធិ ២២% មិនប្រកាន់ស្តាំ ១០% វ៉ាជែង ១១% បត់ ៧% ស្រវឹង ៦% កត្តាយានយន្ត ៣% បើប្រៀបធៀបខែធ្នូ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចុះចំនួន ១២លើក ស្មើ ៣% ស្លាប់កើន ២០នាក់ ស្មើ ១១% និងរបួសកើន ៥៨នាក់ ស្មើ១២%។
លោកស្រីបញ្ជាក់ថា បើប្រៀបធៀបខែមករា ឆ្នាំ២០១៩ គ្រោះថ្នាក់កើនឡើងចំនួន ២៧លើកស្មើ ៨% ស្លាប់កើនចំនួន ៥៨នាក់ ស្មើ ៣៩% និងរបួសកើន ៤១នាក់ ស្មើ ៨%។ ភូមិសាស្ត្រមានអ្នកស្លាប់ច្រើន គឺរាជធានីភ្នំពេញ (៣៤នាក់) ខេត្តព្រះសីហនុ (១៩នាក់) ខេត្តកំពង់ស្ពឺ (១៥នាក់) និងភូមិសាស្ត្រដែលមានកំណើនអ្នកស្លាប់ និងរបួស មាន ១០រាជធានី ខេត្តគឺ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យ៕