សារសំខាន់នៃការរៀបចំផែនការសកម្មភាពបានល្អត្រឹមត្រូវ និងអាចវាស់វែងបាន គឺជាគន្លឹះនៃការសម្រេចបានប្រសិទ្ធភាពការងារខ្ពស់
ភ្នំពេញ៖ ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិង ដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ដែលជាប្រធាន អនុប្រធានអង្គភាពក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យរបាយការណ៍ផែនការសកម្មភាពឆ្នាំ២០២០ របស់អង្គភាពនីមួយៗ ព្រមទាំងដើម្បីប្រមូលធាតុចូលបន្ថែម និងការប្រកាសសុពលភាពមន្ត្រីទើបតែងតាំងថ្មី ដើម្បីធានាបាននូវប្រសិទ្ធផលការងារខ្ពស់ជាងនេះថែមទៀត។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំផែនការសកម្មភាពស្នូលរបស់ខ្លួនយ៉ាងលម្អិត និងមានលក្ខណៈអាចវាស់វែងបាន ដោយសកម្មភាពនីមួយៗត្រូវបានកំណត់កាលបរិច្ឆេទចាប់ផ្ដើម កាលបរិច្ឆេទបញ្ចប់ អ្នកដឹកនាំអនុវត្ត និងអ្នកដឹកនាំទទួលខុសត្រូវសំដៅឱ្យការ អនុវត្តផែនការនីមួយៗមានប្រសិទ្ធភាពខ្ពស់ ងាយស្រួលតាមដាន និងវាយតម្លៃ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក៏ដូចជាអង្គប្រជុំទាំងមូលចូលរួមផ្ដល់ធាតុចូលបន្ថែមលើផែនការសកម្មភាពរបស់អង្គភាពនីមួយ ដើម្បីឱ្យផែនការនោះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងផែនការគោលនយោបាយរបស់ក្រសួង និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាការរៀបចំផែនការទុកជាមុនគឺជាតំរុយ និងមាគ៌ាច្បាស់លាស់ ក្នុងការតំរង់ទិសការអនុវត្តសកម្មភាពឱ្យមានប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុក និងបានលើកសុភាសិតមួយឃ្លាជាភាសាអង់គ្លេសមកបញ្ជាក់ថា៖ “What gets measured gets done”។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមការងារពិនិត្យបច្ចេកទេសសាងសង់ផ្លូលថ្នល់ ធ្វើការពិនិត្យឱ្យបានញឹកញាប់ មិនត្រូវពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ និងបានលើកទឹកចិត្តឱ្យបំពេញការងារកាន់តែសកម្មថែមទៀត (អាចចុះនៅពេលយប់ក៏បាន) ហើយរាល់ការចុះពិនិត្យម្ដងៗមិនត្រូវអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់ដឹងឡើយ ដើម្បីរកឱ្យឃើញថា តើក្រុមហ៊ុនសាងសង់ អនុវត្តតាមកិច្ចសន្យា ឬសៀវភៅបន្ទុកដែរឬទេ?
លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្រ្តីបានផ្ដាំផ្ញើឱ្យមន្ត្រីជញ្ជីងដែលទើបតែតាំងថ្មីត្រូវធ្វើការដោយឆន្ទៈ មនសិការវិជ្ជាជីវៈ ធ្វើតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសហការយ៉ាងស្អិតរមួតជាមួយសា្ថប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដោយចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មិនរើសមុខ ដោយហេតុថាបច្ចុប្បន្នក្រសួងកំពុងរៀបចំបំពាក់ឧបករណ៍បច្ចេកទេសដើម្បីតាមដាន រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់សំដៅថែរក្សាផ្លូវថ្នល់របស់យើងឱ្យជាប់គង់វង្សបានយូរអង្វែង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា៖ ក្រសួងនឹងបង្កើតកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យាមួយ ដើម្បីកាត់ពិន្ទុ និងឈានដល់ដកប័ណ្ណបើកបរតែម្ដងចំពោះអ្នកបើបរលើសល្បឿនកំណត់។ ទន្ទឹមនឹងនោះ ក្រសួងក៏បានរៀបចំបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងផ្លូវដែកផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីរាជការទាំងអស់របស់ក្រសួង ដែលបានរៀបចំផែនការសកម្មភាពឆ្នាំ២០២០នេះឡើង និងបាន ផ្ដាំផ្ញើមន្ត្រីទាំងអស់ ក៏ដូចជាមន្ត្រីដែលទើបតែងតាំងថ្មីខិតខំប្រឹប្រែងធ្វើការ និងអនុវត្តតាមផែនការដែលបានគ្រោងទុកឱ្យមានប្រសិទ្ធភាពបំផុត៕