រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ២០២០

ខេត្តកំពត៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធី​អបអរសាទរខួប លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សាខេត្ត។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុម​ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តក្រុងស្រុកនិង​ឃុំ.សង្កាត់ សរុបប្រមាណ ១៤០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអាន នូវ​ព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជមាតា​ជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួប​លើក​ទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលមានខ្លឹមសារជាអាទិ៍ថា  ដោយ​បាន​សម្ដែងការ អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្ន ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន និងកំពុង​អនុវត្តន៍​នូវគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់លើការរក្សា​សន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍន៍ជីវភាព និងសុខុមាល​ភាពនៃការរស់នៅ តាមរយៈការបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកប​ដោយគុណភាព សមធម៌ បរិយាប័ន្ន ក្នុងការរួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវ​កំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម។

ក្នុងខ្លឹមសារព្រះរាជសារ ក៏បានសម្តែងនូវការអរគុណផងដែរចំពោះដំណើរការយ៉ាង​សកម្ម នៃគណៈកម្មា​ធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រួមនឹងស្ថាប័ននីតិបញ្ញត្តិ សម្ដេចសង្ឃរាជ មន្ត្រី​សង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ពិសេសគាំទ្រដល់ក្រសួងកិច្ចការនារី ដែល​បាន​នឹងកំពុងខិតខំប្រឹងប្រែងជំរុញ សកម្មភាពរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រីរួមទាំងសីលធម៌​សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង៕

អត្ថបទដែលជាប់ទាក់ទង