Detail Top Banner

សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញជំហរក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើពុករលួយ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញជំហរយ៉ាងតឹងរឹងបំផុត នៅក្នុងការប្រយុទ្ធ​ប្រឆាំងចំពោះអំពើ ពុករលួយក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ដោយត្រូវអនុវត្តន៍នូវការដាក់​ពិន័យនេះ តាមរយៈការប្រកាសនៅលើទំព័រហ្វេសហ៊ុក​ផ្លូវការ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

FFC បានចេញសារនេះ ក្រោយសហ័ន្ធ​កីឡាបាល់ទាត់អាស៊ី AFC បានចេញ​ចំណាត់​ការដាក់ពិន័យលើកីឡាករបាល់ទាត់ប្រទេសឡាវចំនួន ២រូប ក្រោយរក​ឃើញថាមានជាប់​ពាក់​ព័ន្ធការកំណត់លទ្ធផលប្រកួតទុកមុន ហើយសហព័ន្ធ​កីឡាបាល់ទាត់កម្ពុជាបានបង្ហោះ​នៅ​លើ​​ហ្វេស​បុកផេកផ្លូវការរបស់ខ្លួនថា “សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រយុទ្ធប្រឆាំងដាច់ខាត ចំពោះអំពើពុករលួយ​ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដោយការកំណត់លទ្ធផលប្រកួត​ទុកជាមុន ដោយយោងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់ទី្វបអាស៊ី (AFC) ស្តីពីការដាក់​ពិន័យ​ដល់កីឡាករនៅក្នុងប្រទេសឡាវ២រូប ដែលពាក់ព័ន្ធនឹងការ​កំណត់​លទ្ធផលទុកជាមុន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមអំពាវនាវដល់មន្ត្រី ក៏ដូចជាកីឡាករ​ឱ្យចៀសវាងឆ្ងាយពីសកម្មភាពនេះ ដែលវាអាចប៉ះពាល់ដល់​កិត្តិយសប្រទេសជាតិ និង បុគ្គលខ្លួនឯងផ្ទាល់។”

លោក គល់ សុភារម្យ នាយករដ្ឋបាល និងជាអ្នកនាំពាក្យនៃសហព័ន្ធកីឡាបាល់​ទាត់កម្ពុជាថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះថា អំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់ គឺជាឧបស័គ្គរាំងស្ទះ​ដល់ដំណើរការអភិវឌ្ឍន៍របស់​ខ្លួន មិនថាតែបាល់ទាត់នៅកម្ពុជានោះទេ ពោលគឺ​នេះគឺជាបំរាមនៅលើពិភពលោកទាំងមូល ហើយសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា​ប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់នៃអំពើពុករលួយក្នុងបាល់ទាត់ តាមរយៈការរៀបចំ​លទ្ធផលទុកជាមុនជាដើម។ លោកបានគូសបញ្ជាក់ថា “បើមានអំពើ​ពុករលួយមិន​ថា​តែ​ក្នុងបាល់​ទាត់​ទេ ពោលគឺនៅក្នុងសង្គមជាតិ ដែលធ្វើឱ្យសកម្មភាពនៃ​ដំណើរ​ការ​អភិវឌ្ឍន៍​នោះមិនអាច ដើរទៅមុខបានទេ ពោលគឺដើរថយក្រោយ”។ លោកចាត់​ទុកថា អំពើ​ពុករលួយនោះគឺជាអំពើអវិជ្ជមាន ហើយប្រសិនបើគ្មានការ​ដាក់​ពិន័យរបស់​សហ​ព័ន្ធកីឡា​បាល់ទាត់​អាស៊ី (AFC) ថ្មីៗនេះ ក៏សហព័ន្ធកីឡា​បាល់ទាត់កម្ពុជាតែងតែខិតខំប្រយុទ្ធ​ប្រឆាំង​ជា​ដាច់ខាតផងដែរ។ នៅក្រោយពេល AFC ដាក់ពិន័យកីឡាករឡាវ២នាក់នេះ គឺ​សហព័ន្ធ​បាល់​ទាត់កម្ពុជាក៏បាន​ក្រើន​រម្លឹកជាថ្មីជូនដល់សមាជិកក្លឹបនានា កីឡាករ មន្ត្រីក្នុង​សហ​ព័ន្ធ​ខ្លួន​ឯង មន្ត្រីក្នុងក្លឹប កុំឱ្យកើតឡើងនូវអំពើអសកម្មបែបនេះ​កើតឡើងនៅក្នុងវិស័យ​កីឡា​បាល់​ទាត់កម្ពុជា​ សូមបញ្ជាក់ថា សមាជិកក្រុមជម្រើសជាតិឡាវចំនួនពីររូប គឺកីឡាករ Khampheng​ ​Sayavutthi វ័យ៣៣ឆ្នាំ ដែលលេងឱ្យក្លិប Rangsit United FC នៃលីគលំដាប់ទី៤ថៃ និង​កីឡាករ Lembo Saysana វ័យ២៥ឆ្នាំ កីឡាកររបស់ក្រុម Electricite du Laos លីគកំពូលឡាវ ត្រូវបាន AFC ពិន័យមិនឱ្យមានសកម្មភាពក្នុងកីឡាបាល់ទាត់អស់មួយជីវិត ក្រោយបានរក​ឃើញ​ថាបានប្រព្រឹត្តបទល្មើសតាមមាត្រា ៦៦.១ នៃក្រមវិន័យ និងក្រមសីលធម៌របស់ AFC នៅឆ្នាំ២០១៨។

លើសពីនេះ អតីតកីឡាករទាំងពីរនាក់នេះត្រូវបានគេរកឃើញថាមាន​កំហុស​ក្នុងការ​ឃុបឃិតគ្នា ក្នុងការរៀបចំលទ្ធផលទុកជាមុន កាលពីការប្រកួត​អន្តរជាតិ​រវាងក្រុម​ជម្រើស​ជាតិឡាវ ជាមួយក្រុមហុងកុង កាលពីថ្ងៃទី០៥ ខែតុលាឆ្នាំ ២០១៧ ផងដែរ ខណៈ​ការប្រកួតនោះហុងកុងឈ្នះឡាវក្នុងលទ្ធផល៤-០៕

អត្ថបទដែលជាប់ទាក់ទង