ក្រសួងសុខាភិបាលច្រានចោលការផ្សាយព័ត៌មានដែលថា មានមនុស្សសន្លប់ និងស្លាប់ រួមទាំងជនបរទេសផង ដោយសារជំងឺកូវីដ-១៩


ភ្នំពេញ៖ ដូច្នោះ សូមសាធារណជនកុំមានការយល់ច្រឡំ លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងថា ប្អូនស្រី សំ សុវណ្ណចរិយា មានជម្ងឺខ្យល់គរ មិនមានវីរុសកូរ៉ូណា ជាបុគ្គលិកបម្រើការងារនៅធនាគារកាណាឌីយ៉ា បានដួលសន្លប់នៅក្នុងបន្ទប់ទឹក នៃអគារកាណាឌីយ៉ា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ មិនស្លាប់ទេ ពេលនេះប្អូនស្រីកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែ និងមិនស្លាប់ ដូចការផ្សាយរបស់ហ្វេសប៊ុក និងព័ត៌មានមួយចំនួននោះទេ ។


អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសច្រានចោលចំពោះការផ្សាយ ព័ត៌មានតាមបណ្ដាញសង្គមដែលលើកឡើងថា មានការដួលសន្លប់ និងស្លាប់ទាំងជនបរទេស និងជនជាតិខ្មែរនាពេលកន្លងមកនេះដោយសារតែជំងឺកូវីដ-១៩ ដែលការផ្សាយនេះគឺជាការមិនពិត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា “សូមប្រជាពលរដ្ឋកុំជឿតាមការឃោសនា និងការប្រឌិតព័ត៌មាន ហើយពេលមានព័ត៌មានចេញឡើង ហើយស្រែកថាជា កូវីដ-១៩នោះ សូមបងប្អូនប្រជាពលរដ្ឋកុំជឿ ពីព្រោះមានការបញ្ជាក់ពីគ្រូពេទ្យបញ្ជាក់ច្បាស់លាស់ហើយ ថាមិនមានជំងឺកូវីដ-១៩ ណាដើរៗទៅសន្លប់ ឬស្លាប់តែម្តងនោះទេ”។ លោកជំទាវបានលើកឡើងថា ជំងឺកូវីដ-១៩ កើតមានថេរពេលវេលាត្រឹមត្រូវ ដែលចាប់ផ្ដើមដំបូងតិច ហើយបើសិនគ្មានការស្វែងរកការព្យាបាលនោះទេជំងឺនឹងវិវត្តន៍ធ្ងន់សិន។


លោកជំទាវបានពន្យល់ថា ជំងឺនេះមិនស្លាប់ភ្លាមនោះទេ គឺវាវិវត្តន៍ទៅស្ថានភាពធ្ងន់សិន ហើយរយៈពេលពីកើតរហូតដល់ធ្ងន់នោះអាចមួយសប្តាហ៍ ឬ២សប្តាហ៍ ឬបីសប្តាហ៍ ឬដល់ខែក៏អាចថាបានដែរ ជាមួយគ្នានេះ បើសិនឈានដល់ខណៈធ្ងន់ធ្ងរ ហើយគ្មានការព្យាបាលទេនោះ អ្នកជំងឺអាចនឹងឈានដល់ការបាត់បង់ជីវិតផងដែរ។
លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់យ៉ាងថា “ដូច្នេះជំងឺកូវីដ-១៩ នេះមិនអាចមានស្ថានភាពដើរៗទៅដួលសន្លប់ ឬក៏ដួលស្លាប់ អីចឹ្ចងនោះទេ”។ លោកជំទាវបានលើកឡើងទៀតថា ចំពោះការលើកឡើងនាពេលកន្លងមកនេះ មិនមានជាជំងឺកូវីដ-១៩នោះទេ ហើយរហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានជំងឺនេះនោះដែរ។ លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា បើតាមរបាយការណ៍របស់អង្គភាពសុខភាពពិភពលោកបានឱ្យដឹងថា ជំងឺកូវីដ-១៩ នៅប្រទេសចិន មានការថយចុះ ហើយដោយឡែកនៅគិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅប្រទេសចិនរកឃើញករណីនៃអ្នកកើតជំងឺកូវីដ-១៩ មានចំនួន១២០ករណី។ តែបើប្រៀបធៀបពីចុងខែមករា រហូតដល់ ខែកុម្ភៈ ករណីថ្មីច្រើន រហូតដល់រាប់ពាន់ករណី។
បច្ចុប្បន្ននេះ ប្រសិទ្ធភាពនៃការព្យាបាលជំងឺនេះបានច្រើន ហើយការចម្លងក៏មានការកាត់បន្ថយច្រើន ដោយគិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។ ទន្ទឹមនេះ តាមបណ្តាប្រទេសលើសកលលោកមានចំនួន ៧៦ប្រទេស បានប្រកាសរកឃើញជំងឺកូវីដ-១៩ ហើយការរកឃើញនេះគឺមានអ្នកផ្ទុកជំងឺសរុបចំនួន ២១០៣ករណីថ្មី។


លោកជំទាវបានបន្ដទៀតថា តាមការកត់សម្គាល់ឃើញថា ដោយមានការរីកចម្រើនជំងឺកូវីដ-១៩នេះ គឺគិត៣ដំណាក់កាល គឺទី១. កាកើតឡើងនៅក្នុងប្រទេសមួយ កន្លែងមួយ ប៉ុន្តែករណីនោះនាំមកពីកន្លែងផ្សេងៗ ទី២. ការរាតត្បាតនៅក្នុងប្រទេស និងទី៣. ការរាតត្បាតជាសកល មានន័យថា រាតត្បាតនៅលើសកលលោក។
លោកជំទាវបានថ្លែងបញ្ជាក់ថា “រហូតមកដល់ពេលនេះ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ក្រសូងសុខាភិបាលបានយកសំណាកពីបុគ្គលដែលសង្ស័យកើតជំងឺកូវីដ-១៩ សរុប១៤៥នាក់ ហើយក្នុងចំណោមអ្នកទាំងនេះ​ធ្វើតេស្តេនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយអ្នក១៤៥នាក់ ជាលទ្ធផលបង្ហាញថា មានវិជ្ជមាន១នាក់ ជាជនជាតិចិន ហើយបានជាសះស្បើយ ចំណែក១៤៤នាក់ទៀតលទ្ធផលអវិជ្ជមានទាំងអស់”។ លោកជំទាវបានអះអាងថា ក្នុងចំណោម ១៤៥នាក់ដែលធ្វើតេស្ត គឺមាន ម្នាក់កើតជំងឺកូវីដ-១៩ ដែលជាជនជាតិចិននៅ ខេត្តព្រះសីហនុ និងបានព្យាបាលសះស្បើយ ហើយត្រឡប់ទៅស្រុកវិញហើយ។
លោកជំទាវបានបន្ថែមទៀតថា ថ្វីត្បិតតែមកដល់បច្ចុប្បន្ននេះមិនទាន់រកឃើញថាប្រជាជនកម្ពុជាកើតជំងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែ​យើយមិនស្ងៀមនោះទេ គឺកំពុងជំរុញសកម្មភាពយ៉ាងសកម្ម រឿងនេះដោយបានចាត់វិធានការស្វែងរកករណីដែលសង្ស័យ ដើម្បីឱ្យក្រុមគ្រូពេទ្យធ្វើការវាយតម្លៃ។ ក្នុងករណីនេះដែរ គ្រូពេទ្យរកឃើញមានការសង្ស័យនោះ គ្រូពេទ្យនឹងយកសំណាកបុគ្គលសង្ស័យនោះទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ រកវីរុសកូវីដ១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង