Detail Top Banner

បុរសកាត់ស្មៅម្នាក់ ដួលស្លាប់នៅមុខប្រាសាទបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប៖ បុរសជាអ្នកកាត់ស្មៅម្នាក់ ខណៈកំពុងដើរកាត់ស្មៅសុខៗ ស្រាប់ដួលស្លាប់ នៅមុខប្រាសាទបន្ទាយស្រី ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ។
ជនរងគ្រោះដែលដួលស្លាប់នៅមុខប្រាសាទបន្ទាយស្រីនោះ មានឈ្មោះ ព្រឹក ព្រួន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរជាអ្នកកាត់ស្មៅ នៅប្រាសាទបន្ទាយស្រី រស់នៅភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ កំពុងកាត់ស្មៅដួចសព្វដង លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែដួលទៅនឹងដីលែងដឹងខ្លួន ហើយពេលនោះ ឈ្មោះ មាស ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាក្មួយស្រីជនរងគ្រោះ និងជាអ្នកធ្វើការជាមួយគ្នា គិតថាជនរងគ្រោះនៅមានជីវិត ក៏ស្រែកហៅឲ្យគេជួយ និងបានកោសខ្យល់ឲ្យជនរងគ្រោះ រួចបានហៅឡានដឹកជនរងគ្រោះ ទៅមណ្ឌលសុខភាពបន្ទាយស្រី តែជាអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវ។ ស្រ្តីឈ្មោះ មាស ផល្លា ជាក្មួយស្រី បានបញ្ជាក់ថា ពូរបស់គាត់ (ជនរងគ្រោះ) ឧស្សាហ៍កើតខ្យល់ជាញឹកញាប់ ហើយបានសម្រាក២ទៅ៣ថ្ងៃ មកហើយ ទើបតែចូលធ្វើការវិញប៉ុណ្ណោះ ហើយក៏កើតខ្យល់គរស្លាប់នៅពេលនេះតែម្តង។

ជុំវិញនឹងករណីនេះ លោកវេជ្ជបណ្ឌិត សាក់ សុភក្រ ជាប្រធានមណ្ឌលសុខភាពបន្ទាយស្រី បានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ចំណែកសមត្ថកិច្ចជំនាញ ក្រោយពីធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ ក៏បានបញ្ជាក់យ៉ាងលម្អិតថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរមែន ហើយបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះ ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង