លួចសម្ភារៈពីបន្ទប់ដូនជី ទៅដេករងចាំចូលគុកនៅចេតិយក្នុងវត្ត
ខេត្តកណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច នៅចំណុចវត្តពិជ័យរង្សី ភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលបានកើតហេតុនៅថ្ងៃច័ន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១៩ៈ០០នាទី ។
ជនរងគ្រោះមានឈ្មោះ គង់ សុផល ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសុំសីលនៅក្នុងវត្តពិជ័យរង្សី មានទីលំនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ ភី ឃាង ហៅ តុល ឃាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមាន -ខ្សែកចំនួន ២ខ្សែ – ក្រវិល ចំនួន ១គូ -លុយចំនួន ១០០ដុល្លារ -កាំបិតខ្វែវ ចំនួន១ – ញញួរ ចំនួន១ -ថ្មសំលាងកាំបិត ចំនួន១ ។
សភាពរឿងហេតុរយៈពេលជាយូរមកហើយ ដែលជនរងគ្រោះមកបួស ជាដូនជី នៅក្នុងវត្តពិជ័យរង្សី និងបានសង់ តូបធ្វើពីឈើជញ្ជាំងបាំងស័ង្គសីស្នាក់នៅ ដោយកន្លងមកជនសង្ស័យឈ្មោះ ភី ឃាង ធ្លាប់បានលួចរបស់របរនៅក្នុងវត្តពិជ័យរង្សី ជាច្រើនលើកមកហើយ និងនៅថ្ងៃទី០៧.០៣.២០២០ ជនរងគ្រោះ និងព្រះសង្ឃព្រះនាម ឈួន ធឿន បានទៅធ្វើបុណ្យ នៅភ្នំសំពៅ ខេត្តបាត់ដំបង ដល់ថ្ងៃទី០៩.០៣.២០២០ វេលាម៉ោង១៩ៈ០០នាទី ជនសង្ស័យឈ្មោះ ភី ឃាង បានលួចយកញញួររបស់ជាងសំណង់ក្នុងវត្ត យកទៅគាស់ជញ្ជាំងតូបរបស់ជនរងគ្រោះ ហើយយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មានខ្សែកមាស ២ខ្សែ ទម្ងន់ ២តម្លឹង៦ជី ក្រវិលមាស១គូរ ទម្ងន់៥ហ៊ុន លុយ ១០០ដុល្លារ កាំបិតខ្វែវចំនួន១ ថ្មសំលៀងកាំបិតចំនួន១ អង្រឹងចំនួន១ ពេលធ្វើសកម្មភាពហើយជនសង្ស័យឈ្មោះ ភី ឃាង បានរត់ទៅដេកក្នុងចេតិយ នៅពីក្រោយសាលារៀនបឋមសិក្សាពិជ័យរង្សី ។
រហូតដល់ម៉ោង១៩ៈ៣០នាទី ជនរងគ្រោះបានត្រលប់មកដល់វត្តវិញ ហើយឃើញជញ្ជាំងតូបខ្លួនរហែក និងបាត់បង់ទ្រព្យសម្បត្តិអស់ ក៏រាយការណ៌ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សី លុះដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ទើបសមត្ថកិច្ចនគរបាលចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕