សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់


ខេត្តសៀមរាប៖ នារសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយខ្យល់ កន្រ្តាក់ចំនួន ៦គ្រួសារ ស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ដែលក្នុងនោះមានរលំផ្ទះ១ខ្នង និងរបើកដំបូល ៥ខ្នង ដែលខ្យល់កន្រ្តាក់នេះបានកើតមានឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ គឺនៅឃុំស្រែណូយចំនួន៣គ្រួសារ និង ឃុំល្វាក្រាំង៣គ្រួសារ។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់ជូននាពេលនោះរួមមាន ៖ សម្រាប់គ្រួសាររលំផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្ទេល១ មី១កេស ត្រីខ ១យួរ អង្ករ៣០គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា២០ម៉ឺនរៀល។ រីឯគ្រួសាររបើកដំបូល ក្នុងមួយគ្រួសារៗទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ កន្ទេល១ មី១កេស ត្រីខ១យួរ អង្ករ ៣០​គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា១៤ម៉ឺនរៀល។នៅក្នុងពិធីសំណេះសំណាលនោះ លោក ចៅ ម៉ៅមុន្នី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយបានសម្ដែងនូវការសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសាររងគ្រោះ ដែលនេះជាការរងគ្រោះនឹកស្មានមិនដល់ និងគ្មានអ្នកណាចង់ជួបប្រទះឡើយ ។

សូមបងប្អូនកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងតទៅមុខទៀត ដើម្បីជីវភាពក្រុមគ្រួសារ។លោក ចៅ ម៉ៅមុន្នី បានមានប្រសាសន៍បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុក​ដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង