Detail Top Banner

ចាប់ខ្លួនគ្រូបង្រៀនម្នាក់ ក្រោយបង្ហោះព័ត៌មានក្លែងក្លាយថា មានអ្នកឆ្លងជំងឺកូវីដ លើហ្វេសប៊ុក

ខេត្តកំពង់ស្ពឺ៖ បុរសជាគ្រូបង្រៀនសាលាបឋមសិក្សាក្រសាំងខ្ពស់ម្នាក់ ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីលោកគ្រូរូបនេះ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបានចែកសារជាសំឡេង ដោយបំប៉ោងព័ត៌មានមិនពិតថា មានករណីឆ្លង និងរីករាលដាលវីរុស COVID 19 ។

លោក ញ៉ែម សៅ ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុក KHU SROS បានបង្ហោះសារសំឡេងបំភ្លៃការពិតថា សូមលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលនៅក្នុងគ្រុប Messenger សាលាបឋមសិក្សាក្រសាំងខ្ពស់ ថ្មីៗនេះ ជំងឺ CORONA បានមកដល់កោះកោង ក្រាំងដីវ៉ាយ និងបានឆ្លងមកមនុស្សធ្វើការនៅក្នុងក្រុមហ៊ុន “ ត្រូវជាកូនយាយខុម នៅសាលាឃុំក្រាំងដីវ៉ាយ ភ្នំស្រួច កំពង់ស្ពឺ យើងហ្នឹង ឥឡូវគេបានចុះមកយកទៅព្យាបាលហើយ តែនៅសល់ច្រើននាក់ទៀត ក្នុងក្រុមហ៊ុនដូច្នេះសូមបងប្អូន លោកគ្រូ អ្នកគ្រូ ជួយផ្សព្វផ្សាយឲ្យបានដឹង និងនាំគ្នាប្រុងប្រយ័ត្ន ” ។

ប្រភពបន្តថា ក្រោយពីបង្ហោះចែកចាយព័ត៌មានក្លែងក្លាយនេះ បង្កឲ្យមានការយល់ច្រឡំ ធ្វើឲ្យជ្រួលច្របល់ពីសំណាក់ប្រជាពលរដ្ឋបែបនេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជាបន្ទាន់ផងដែរ។
សមត្ថកិច្ច បញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុក KHU SROS ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះពិត សាត ស្រស់ ភេទប្រុស មុខរបរជាគ្រូបង្រៀន នៅសាលាបឋមសិក្សាក្រសាំងខ្ពស់ ។

នៅចំពោះសមត្ថកិច្ច បុរសជាគ្រូបង្រៀនរូបនេះ បានសារភាពថា គាត់ពិតជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ KHU SROS មែន និងពិតជាបានបង្ហោះសារជាសំឡេងបង្ហោះចែកចាយក្នុងគ្រុប Messenger ឈ្មោះ សាលាបឋមសិក្សាក្រសាំងខ្ពស់ពិតប្រាកដមែន ។
បច្ចុប្បន្ន គ្រូបង្រៀនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង