អ៊ីតាលីមានចំនួនអ្នកស្លាប់ដោយ COVID-19 ចំនួន៣៤០៥នាក់ច្រើនជាងប្រទេសចិនទៅទៀត

ប្រទេសអ៊ីតាលី៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ចំនួន ៤២៧នាក់ទៀត បានបាត់បង់ជីវិតក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះ។

នេះជាអត្រាខ្ពស់បំផុតបានរុញច្រានអោយអ៊ីតាលីក្លាយជាប្រទេសមានអ្នកស្លាប់ដោយ COVID-19 កើនឡើងដល់ ៣៤០៥នាក់ ច្រើនជាងប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺរាតត្បាយសកលនេះទៅទៀត ខណៈប្រទេសចិនមានអ្នកស្លាប់តែ ៣២៤៥នាក់។
អាជ្ញាធរសុខាភិបាលអ៊ីតាលីបានឲ្យដឹងថា គិតមកដល់ត្រឹមថ្ងៃព្រហស្បម្សិលមិញថាមានករណីឆ្លងថ្មីចំនួន ៥៣២២ករណី នាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៤១០៣៥នាក់ ខណៈដែលប្រទេសចិនមានចំនួនអ្នកឆ្លងសរុបតែ ៨០៩២៦ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ៣២៤៥នាក់។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជំងឺ COVID-19 ជា «ជំងឺរាតត្បាតជាសកល» ហើយបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៧៦ នៅទូទាំងសកលលោក៕ ប្រភព៖សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង