កម្ពុជាបានត្រៀមលក្ខណៈរួចហើយ ដើម្បីសហការជាមួយក្រុមគ្រូពេទ្យចិន ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងខ្លាំង ចំពោះក្រុមគ្រូពេទ្យចិន ដែលបានមកដល់កម្ពុជានាពេលនេះ ហើយកម្ពុជាបានត្រៀមលក្ខណៈរួចហើយ សហការជាមួយក្រុមគ្រូពេទ្យចិន ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩។​ បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា។

ក្នុងពិធីទទួលក្រុមគ្រូពេទ្យចិន ចំនួន៧នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានសម្ដែងការស្វាគមន៍ ចំពោះក្រុមគ្រូពេទ្យរបស់ចិន ដែលមកជួយកម្ពុជា ក្នុងគ្រាលំបាក ដែលសកម្មភាពនេះ ជាការឆ្លុះបញ្ចាំង ពីសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រាយ រវាងប្រទេសទាំងពីរ។

លោកមានប្រសាសន៍ថា “សូមស្វាគមន៍ ក្រុមគ្រូពេទ្យទាំងអស់ដែលអញ្ជើញមកថ្ងៃនេះ ដើម្បីរួមសហការគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ជាពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយយើងខ្ញុំត្រៀមលក្ខណ: ជានិច្ចសហការជាមួយអស់លោក លោកស្រី ដើម្បីបំពេញការងារនេះ នេះជាសញ្ញាមួយមិត្តភាព និងសាមគ្គីភាព រវាងបងប្អូនប្រជាជនកម្ពុជា និងប្រជាជនចិន”។

លោកបញ្ជាក់ថា “ដូច្នេះ យើងនឹងមានអ្នកឯកទេស ខាងសាធារណៈរដ្ឋ ប្រជាមានិតចិន ដើម្បីរួមសហការគ្នា ហើយយើងរៀនសូត្រពីចិន ដែលគាត់មានបទពិសោធន៍ច្រើន ក្នុងការងារប្រយុទ្ធជំងឺកូវីដ-១៩ ។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណ ចំពោះពេទ្យចិន ដែលអញ្ជើញមកថ្ងៃនេះ ហើយយើងសង្ឃឹមថា ធ្វើការងារនេះ ប្រកបដោយផ្លែផ្កា ហើយយើងសំណូមពរ ធ្វើយ៉ាងម៉េច កុំអោយប្រជាពលរដ្ឋ របស់យើង កុំមានការភ័យ ខ្លាចហួសយើងជឿជាក់ រាជរដ្ឋាភិបាល ក្នុងកិច្ចសហការនេះ យើងកាត់បន្ថយប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព”។

ក្រុមគ្រូពេទ្យចិន មកដល់កម្ពុជានាពេលនេះ ក៏បាននាំមកជាមួយនូវសម្ភារៈបរិក្ខារវេជ្ជសាស្ដ្រមួយចំនួនជូនកម្ពុជា រួមមាន ស្រោមដៃ ចំនួន៧០០០ ម៉ាសវ៉ះកាត់ ចំនួន៥៨០០០ ម៉ាសវេជ្ជសាស្រ្ត ចំនួន៥៥០០០ ម៉ាស N95 ចំនួន៥០០០ មួក ចំនួន១៨៥០០ គម្របស្បែកជើង ចំនួន១៣០០ អាវអ៊ាម ចំនួន១៣០០ សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល ចំនួន១២៥០ របាំងមុខវេជ្ជសាស្រ្ត ចំនួន២៩៨៩ ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ីនហ្វ្រារ៉េត ចំនួន៥០ និងវ៉ែនតាសុវត្ថិភាព ចំនួន២២៨០។

សូមរំលឹកថា កាលពីពេលថ្មីៗ នេះរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ខណៈក្រសួងស្ថាប័នមួយចំនួនចាប់ផ្តើមដាក់វិធានការ ទប់ស្កាត់ ចំពោះការឆ្លងរីករាល​ដាល​កូវីដ​១៩ ផងដែរ ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់ សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថាគិតត្រឹម ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង