ក្រសួងព័ត៌មានចាប់ផ្តើមបង្កើតកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈ App ក្រសួងព័ត៌មាន ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ដែលផ្តោតលើការអប់រំសិស្សានុសិស្ស
ក្រសួងព័ត៌មានចាប់ផ្តើមបង្កើតកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈ App ក្រសួងព័ត៌មាន ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ប៉ុស្តិ៍លេខ២២ ដែលផ្តោតលើការអប់រំសិស្សានុសិស្ស ដើម្បីជួយសម្រួលអោយសិស្សានុសិស្ស អាចបន្តការសិក្សារៀនសូត្រពីគេហដ្ឋានបាន។
ក្នុងឱកាស ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្ត ផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ប៉ុស្តីលេខ ២២ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល មានការបិទ សាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្មណ៍ ពីការឆ្លងនៃមេរោគ កូវីដ១៩ ហើយសិស្សានុសិស្សមិនបានមករៀននៅសាលានោះ ទើបក្រសួងបានរៀបចំជាកម្មវិធី បង្រៀននៅតាមប្រពន្ធ័ចំនួន២ ទីមួយ តាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្តផ្ទាល់ ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV ប៉ុស្តិ៍លេខ២២ ដែលផ្តល់ភាពងាយស្រួល ឲ្យសិស្សានុសិស្សអាចបើកមើលតាមរយៈទូរស័ព្ទដៃ ដែលមានប្រពន្ធ័ Internet និងតាមបណ្តាញផ្កាយរណប របស់តេជោ DTV ដែលមាននៅកម្ពុជា ។
ឯកឧត្តម បានបញ្ជាក់ថា កិច្ចការងារនេះ ធ្វើឡើងជាការចូលរួមចំណែកជាមួយក្រសួង អប់រំ យុវជន និងកីឡា ដែលកំពុងធ្វើការបង្រៀនតាមរយៈ App ផ្លូវការរបស់ខ្លួនផងដែរ។ ឯកឧត្តម បានបញ្ជាក់ទៀតថា តាមរយៈកម្មវិធីទាំង២ ដែលក្រសួងព័ត៌មាន បានបង្កើតឡើងនេះ មិនត្រឹមតែជាការបង្រៀន មេរៀនដល់កូនសិស្សនោះទេ តែក៏ជាប្រពន្ធ័ជូន ដំណឹងដល់ប្រជាពលរដ្ឋ បានដឹងនូវរាល់ដំណឹងថ្មីៗ ទាន់ហេតុការណ៍ ហើយទុកចិត្តបាន ព្រោះវាមានសារៈសំខាន់ណាស់ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ក៏ដូចការផ្តល់ភាពកក់ក្តៅដល់ប្រជាជន កុំអោយជឿលើដំណឹងមិនពិតបា្រកដ។
ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកដឹកនាំរៀបចំ កម្មវិធី ទូរទស្សន៍ដៃវៃឆ្លាត បានជម្រាបជូនថា នៅពេលដែលសិស្សានុសិស្ស អាណាព្យាបាល និង បងប្អូនប្រជាពលរដ្ឋ ធ្វើការទាញយកកម្មវិធី App របស់ក្រសួងព័ត៌មាន ដាក់ក្នុងទូរស័ព្ទស្មាត ហ្វូនរបស់ខ្លួន គឺអាចបើកមើលនូវការគ្រប់បណ្តាស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ក្នុងស្រុក និង កាសែតនានាផងដែរ ជាពិសេស កម្មវិធីបង្រៀនពីចម្ងាយ E-Learning ដែលអាចបើកមើល បាននូវការបង្រៀន តាមប្រពន្ធ័នេះដោយមិនគិតថ្លៃ ហើយមានភាពងាយស្រួល ទាញយក ឯកសារ មករក្សាទុកបានគ្រប់ពេលវាលាទាំងអស់។
លោក បាន ភុធ ប្រធានគ្រប់គ្រងក្រុមហ៊ុន ទូរទស្សន៍ Satellite តេជោ DTV ប្រចាំកម្ពុជា និងជាទីប្រឹក្សា ក្រសួងព័ត៌មាន បានបញ្ជាក់ពីកិច្ចសហការជាមួយ ក្រសួងព័ត៌មាន កម្ពុជា ក្នុងការបង្រៀនពីចម្ងាយ E-Learning តាមរយៈការផ្សាយផ្ទាល់តាម ទូរទស្សន៍ តេជោ DTV ប៉ុស្តិ៍លេខ ២២ ។ លោក បាន ភុធ បានជម្រាបជូនថា កិច្ចការងារនេះ លោកធ្លាប់បាន ធ្វើនៅក្នុងប្រទេសថៃកាលពីជាង ១០ឆ្នាំមុន ហើយទទួលបានជោគជ័យ។
ឱកាសនេះ ក្រុមហ៊ុន លោក បាន ភុធ បានធ្វើកិច្ច សហការជាមួយ ក្រុមការងារ App ក្រសួងព័ត៌មាន ដើម្បីផ្សាយការបង្រៀនពីចម្ងាយ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដោយសារបច្ចុប្បន្ននៅកម្ពុជា មានអតិថិជន ប្រើប្រាស់ប្រពន្ធ័ ទូរទស្សន៍ Satellite តេជោ DTV ចំនួនប្រមាណ៨សែនគ្រឿង បើគិតអ្នកដែលទស្សនាវិញគឺមាន ប្រមាណជិត៣លាននាក់៕