ស្ត្រីជនជាតិអង់គ្លេសដែលជាអ្នកជំងឺCOVID-19 ត្រូវបានជាសះស្បើយ អាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញហើយ

ភ្នំពេញ៖ យោងទៅតាមមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ពេលនេះស្ត្រីជនជាតិអង់គ្លេសដែលជាអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានជាសះស្បើយពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយអាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញ

លោក យ៉ុន សុខខុម ប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបញ្ជាក់ឱ្យដឹ​ង​ថា អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់​មន្ទីរពេទ្យ​រ៉ូយ៉ាល់​​ភ្នំពេញ និងក្រុមគ្រូ​ពេទ្យរបស់​អង្គការសុខភាពពិភពលោក (WHO) ក្រុមគ្រូពេទ្យរបស់​ក្រសួង​សុខាភិបាលបានប្រកាសថាអ្នកជំងឺត្រូវបានជាសះស្បើយពីជំងឺរលាកសួតប្រភេទថ្មី COVID-19 នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដោយសម្អាងទៅលើ​លទ្ធផលធ្វើតេស្ដ​អវិជ្ជមាន​ចំនួន​ពីរដង ហើយ​អាចចាកចេញពីមន្ទីរពេទ្យ​ដើម្បីត្រឡប់ទៅប្រទេស​របស់គាត់វិញបាន ។ លោកបាន​លើកឡើងថា ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យដែលបានថែទាំ និងព្យាបាលអ្នកជំងឺរួមមានដូចជា វេជ្ជ​បណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងក្រុមការងារ របស់មន្ទីរពេទ្យរ៉ូយ៉ាល់​ភ្នំពេញផ្ទាល់ ដែលបានខិតខំប្រឹង​ប្រែងលះបង់នូវពេលវេលា និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់​ដើម្បី​ផ្តល់​ការថែទាំដ៏ល្អបំផុត​ដល់អ្នកជំងឺ ។ ជាមួយគ្នានេះ ក្នុងនាមជាអ្នកជំងឺ និងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក៏សូមអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងពីក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះការបញ្ជូនកញ្ចប់ឧបករណ៍វេជ្ជសាស្ត្ររបស់ខ្លួន និងថ្នាំ​ប្រឆាំងវីរុសសម្រាប់​ព្យាបាល​អ្នក​ជំងឺ ។ លោកក៏បាន ថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏ធំធេង​ពី​សម្ព័ន្ធមិត្តអន្តរ​ជាតិរបស់យើងដូចជា អង្គការសុខភាពពិភពលោក (WHO) ផ្នែកប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូត សម្រាប់​កិច្ចខិតខំប្រឹង​ប្រែងរួម​គ្នាក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងយកចិត្តទុកដាក់​ដើម្បី​ព្យាបាលអ្នក​ជំងឺ​ឱ្យជាសះស្បើយ ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ នឹង​ខិតខំប្រឹង​ប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការព្យាបាលដោយសុវត្ថិភាពជូនប្រជាជន​កម្ពុជា និងជន​បរទេសនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏បានបញ្ជាក់ថា សព្វថ្ងៃពុំមានអ្នកជំងឺរលាកសួត​ប្រភេទថ្មី COVID-19 ស្នាក់នៅ និងព្យាបាលក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនោះទេ ហើយ​សម្រាប់​អ្នកជំងឺ​ដែលមានការសង្ស័យ មន្ទីរពេទ្យនឹងធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្ដ​ភាព​ខ្មែរ-សូវៀត ដើម្បី​ស្វែងរកជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា  អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំ ដែលមានជំងឺ COVID-19 ត្រូវបានផ្ទេរពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួចបន្តព្យាបាលនៅមន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីគាត់ត្រូវបានគេធ្វើតេស្ដ ឃើញថាមានជំងឺរលាកសួតប្រភេទថ្មី COVID-19 នៅថ្ងៃទី១១ ខែ ​មីនា ឆ្នាំ២០២០ ៕

អត្ថបទដែលជាប់ទាក់ទង