អ្នកជាសះស្បើយពីជំងឺកូវីដបានកើនដល់ចំនួន ១១នាក់ហើយ ឯអ្នកវិជ្ជមានចំនួនពីរករណីទៀតកើនឡើងដល់៩៨នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺ កូវីដ១៩ ចំនួន១នាក់ទៀតផងដែរ។
សរុបគិតមកត្រឹមយប់ថ្ងៃទី២៦ ខែមីនានេះ អ្នកជាសះស្បើយពីជំងឺកូវីដបាន កើនដល់ចំនួន១១នាក់ ដែលនេះបង្ហាញពីភាពជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជា។
ករណីឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ី២ នាក់ គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ ដែលបានចូលមកកម្ពុជា ក្នុងខេត្តសៀមរាប បន្ទាប់ពីពួកគេបានធ្វើតេស្តឃើញមានកូវីដ១៩ នៅប្រទេសថៃ។ ដោយឡែក ករណីព្យាបាលជាសះស្បើយវិញ គឺនៅក្នុងខេត្តកោះកុង ដែលមានអ្នកជំងឺកូវីដអាយុ៥៧ឆ្នាំ មានទីលំនៅខេត្តកំពត។
ទោះជាយ៉ាងនេះក្តី ក្រៅពីករណីខាងលើនេះ ក្រសួងសុខាភិបាល ក៏បានរកឃើញមានបុរសជនជាតិស៊ុយអែតម្នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែបុរសនេះបានចាកចេញពីកម្ពុជាផងដែរ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ ដោយករណីនេះមិនរាប់បញ្ចូលជាករណីថ្មី នៅក្នុងប្រទេសកម្ពុជាឡើយ៕