សំណង់ឈើជិតមួយពាន់ឆ្នាំ ក្នុងពេលស្តារស្រះទឹកប៉ែកខាងជើងនៃប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ជំនាញបុរាណវិទ្យាប្រទះឃើញសំណង់ឈើជិតមួយពាន់ឆ្នាំ ក្នុងពេលស្តារស្រះទឹកប៉ែកខាងជើងនៃប្រាសាទអង្គរវត្ត មន្រ្ដីជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានអោយដឹងថាការជីកស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ដ បានប្រទះឃើញសំណង់ឈើដែលមានអាយុកាលជិត១ពាន់ឆ្នាំបានកប់នៅក្នុងស្រះជំរៅប្រមាណ៣ម៉ែត្រ ដែលអ្នកបុរាណវិទ្យាមិនធ្លាប់ជួបកន្លងមកឡើយ ។
លោក ស្រ៊ុន តិច អ្នកគ្រប់គ្រងគម្រោងស្តារស្រះនេះ បានអោយដឹងថា សំណង់ឈើនេះមានប្រវែង ៣ម៉ែត្រកន្លះ បានកប់នៅចំកណ្ដាលស្រះ ដែលមានជម្រៅប្រមាណជាង៣ម៉ែត្រ ដោយមានសង្កត់ថ្មបាយក្រៀមពីខាងលើ។ លោកបានបន្ដថា សំណង់ឈើនេះ លោកមិនទាន់ដឹងពីអត្ដន័យ និងតួនាទីរបស់វានៅលើយទេ ប៉ុន្ដែប្រហែលមានអាយុកាលជិត១ពាន់ឆ្នាំក្នុងសម័យអង្គរ លោកបានបន្ដថា រចនាសំណង់ឈើនោះអ្នកជំនាញនៅរក្សាទុកក្នុងដីដដែល ដោយគ្រាន់តែសិក្សា និងចងក្រងជាឯកសារទុកសម្រាប់អោយមនុស្សជំនាន់ក្រោយសិក្សាស្វែងយល់តែប៉ុណ្ណោះ ។

សូមជម្រាបថា ស្រះទឹកបុរាណនៅខាងមុខប៉ែកខាងជើង ក្នុងបរិវេណប្រាសាទអង្គរវត្ដ ត្រូវបានអាជ្ញាធរជាតិអប្សរា ស្ដារកំណកដីភក់ចេញ ដើម្បីរៀបចំសោភណ្ឌភាពល្អប្រសើរ ពង្រឹងរចនាសម្ព័ន្ធស្រះឱ្យរឹងមាំ អោយដូចពីសម័យដើម ការលើកតម្លៃស្រះដែលជាទីឋានសម្រាប់ទេពឱ្យរស់ឡើងវិញ និងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិចូលទស្សនាផងដែរ។ ការស្ដារកំណកដីស្រះនេះមិនស្ដារទាំងមូលទេ ដោយទុកមួយផ្នែក ដើម្បីអោយអ្នកជំនាន់ក្រោយសិក្សាស្វែងយល់បន្ដទៀតនៃស្ថានភាពដើមរបស់ស្រះទឹក។ ជាមួយគ្នានោះការស្តារកំណកដីក្នុងស្រះមានបីដំណាក់កាលធំៗ នៅដំណាក់កាលទី១ ចាប់ពីដើមសតវត្សទី១២។ ដំណាក់កាលទី២ នៅអំឡុងឆ្នាំ១៩៦០ ដែលមានមនុស្សរស់នៅ និងដំណាក់កាលទី៣ គឺកំណកដីថ្មីៗក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលការស្តារនេះគឺយកតែកំណកដីនៅខាងលើមិនមានប្រយោជន៍ដល់កិច្ចការស្រាវជ្រាវផ្នែកជីវសាស្រ្តចំរុះ ឬប៉ះពាល់ដល់រចនាសម្ព័ន្ធស្រះនោះឡើយ។

កំណកដីភក់ដែលបានស្ដារនេះត្រូវបានយកទៅរក្សាទុកសម្រាប់ធ្វើការសិក្សាស្រាវជ្រាវពីជីវ:ចម្រុះ ដោយចូលរួមរវាងបុរាណវិទូ ស្ថាបត្យកម្ម និងផ្នែកបរិស្ថាន ជីវសាស្រ្តចម្រុះ ដើម្បីសិក្សាស្វែងយល់បន្ថែមលើបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង