កូរ៉េខាងត្បូង COVID-19ថ្មី ស្ទុះឡើងវិញដល់ ១៤៦នាក់ក្នុងមួយថ្ងៃ សរុប ៩៤៧៨ករណី
កូរ៉េ៖ សម្រាប់រយៈពេលពេញមួយថ្ងៃកាលពីសុក្រ ករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១៤៦ករណីបន្ថែមទៀត ដែលជាតួលេខមួយដែលខ្ពស់បំផុត ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹង។
មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺដែលហៅកាត់ថា KCDC បានធ្វើការកត់ស្គាល់ថា ករណីឆ្លងថ្មីៗខាងលើនេះ គឺភាគច្រើនជាករណីនាំចូលប៉ុណ្ណោះ ខណៈប្រទេសអាស៊ីខាងកើតមួយនេះ កំពុងទទួលរងនូវការកើនឡើងនៃករណីនាំចូលពីអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះយ៉ាងគំហុក ជាមួយនឹងតួលេខចុងក្រោយនេះដែរ វាបានធ្វើឲ្យកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៩៤៧៨នាក់ដោយក្នុងនោះ ១៤៤នាក់ស្លាប់បាត់បង់ជីវិត ហើយក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំង ៩៤៧៨ករណីនេះ មាន៣៦៣ករណី ជាករណីនាំចូលពីក្រៅប្រទេស។
ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៤ នៅអាស៊ីមួយនេះ ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតមួយដោយសារ COVID-19 នៅអាស៊ីបន្ទាប់ពីចិន ប៉ុន្តែនារយៈពេលពីរសប្តាហ៍ចុងក្រោយ គេឃើញថា តួលេខនៃអ្នកឆ្លងថ្មីហាក់បានធូរស្បើយយ៉ាងខ្លាំង ដោយស្ថិតនៅក្រោមខ្ទង់ ១០០ជានិច្ច បើប្រៀបធៀបនឹងចំនួនករណីឆ្លងថ្មីលើសពី ៩០០ករណីក្នុងមួយថ្ងៃៗ កាលពីដើមខែកុម្ភៈកន្លងទៅនេះ ពោលគឺទើបតែនៅថ្ងៃនេះទេ តួលេខអ្នកឆ្លងថ្មីៗបានហក់ឡើងជិតដល់ ១៥០ករណីវិញក្នុងមួយថ្ងៃ ៕