អ្នកជាសះស្បើយកើនដល់១៣នាក់ និងកំពុងសម្រាកព្យាបាល៨៩នាក់ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤នាក់ទៀត សរុប១០២នាក់

ភ្នំពេញ៖ បើតាមក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០២នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន០២នាក់ (សរុបកើនដល់១៣នាក់) គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។
ដោយឡែកសម្រាប់អ្នកដែលទើបនឹងជាសះស្បើយថ្មីនេះ មានបុរសអាយុ៦៤ឆ្នាំ នៅរាជធានីភ្នំពេញ និងបុរសអាយុ៤១ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ សម្រាប់ជនជាតិខ្មែរ៤នាក់ ដែលរកឃើញឆ្លងថ្មីនេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ក្នុងនោះមានបុរសអាយុ៦៤ឆ្នាំ (ឪពុក) ស្រ្តីអាយុ៦១ឆ្នាំ (ជាម្តាយ) បុរសអាយុ៣៩ឆ្នាំ (ជាកូន) និងស្រ្តីអាយុ៣៧ឆ្នាំ (ជាកូន)។ បច្ចុប្បន្នពួកគេ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។ ក្រុមគ្រួសារនេះ បានធ្វើដំណើរទៅប្រទេសបារាំង ហើយពេលត្រឡប់មកវិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បុរសអាយុ៣៩ឆ្នាំ ក៏មានបញ្ហាសុខភាពបន្តិចបន្តួច រីឯក្រុមគ្រួសាររបស់គាត់៣នាក់ទៀត បានវិលត្រឡប់មកផ្ទះវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៏មានបញ្ហាសុខភាពបន្តិចបន្តួចដែរ។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនានេះដែរ ក្រសួងសុខាភិបាល បាន​យក​សំណាកបុរសជនជាតិចិន២នាក់ ក្នុងចំណោមជនជាតិ​ចិន ១៧៤នាក់ ដែលហោះហើរពីប្រទេសហ្វីលីពីន នៅថ្ងៃទី២៤ ខែមីនា ដើម្បីវិលត្រឡប់ទៅប្រទេសចិនវិញ តាមជើងហោះហើរមួយនៅថ្ងៃទី២៧ ខែមីនា។ ពួកគាត់បានសម្រាកនៅសណ្ឋាគារមួយ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលលទ្ធផលចេញពីវិទ្យាស្ថានប៉ាស្ទ័រ គឺអវិជ្ជមានផងដែរ។
សូមបញ្ជាក់ថា គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៨៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង