Detail Top Banner

ភ្លើងឆេះព្រៃលិចទឹក នៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានអូសបន្លាយរយៈពេល៣ថ្ងៃមកហើយ

ខេត្តសៀមរាប៖ ករណីភ្លើងឆេះព្រៃនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០នេះ រកមុខអ្នកលួចដុតមិនទាន់ឃើញនៅឡើយទេ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាភ្លើងឆេះព្រៃលិចទឹកនេះបានកើតមានជាច្រើនថ្ងៃមកហើយ ប៉ុន្តែការគ្រប់គ្រងចុះពន្លត់ នៅមិនទាន់បានជោគជ័យបានទាំងស្រុងនៅឡើយនោះទេ ។

ពាក់ព័ន្ធករណីភ្លើងឆេះព្រៃលិចទឹកនេះផងដែរ សមត្ថកិច្ចចម្រុះ បានសហការគ្នាចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល៣ថ្ងៃមកហើយ បើគិតត្រឹម​យប់ថ្ងៃទី២៨ ខែមីនានេះ ដែលទីតាំងភ្លើងឆេះព្រៃស្ថិតនៅក្នុងតំបន់ព្រៃក្នុងចំការ ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប។

សមត្ថកិច្ចបានលើកឡើងថា រហូតមកដល់យប់ថ្ងៃទី២៨នេះ លទ្ធផលនៃកិច្ចអន្តរាគមន៍ចុះពន្លត់គ្រប់គ្រងបានប្រហែល៦០%ប៉ុណ្ណោះ នឹងកំពុងបន្តធ្វើនៅព្រឹកថ្ងៃទី២៩ស្អែកជាបន្តទៀត។

ជុំវិញករណីភ្លើងឆេះព្រៃនេះដែរ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់បានថ្លែងថា ឱ្យសមត្ថកិច្ចថ្នាក់ក្រោម ស្រាវជ្រាវ រកជនសង្ស័យដែលបង្កឲ្យមានភ្លើងឆេះនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែបើទោះបីមានការលើកឡើងពីអភិបាលក្រុងយ៉ាងនេះក្ដី រហូតដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់បានចាប់ជនសង្ស័យណាម្នាក់នៅឡើយទេ ពាក់ព័ន្ធទៅនឹងករណីនេះ ។

សូមបញ្ជាក់ថា កន្លងទៅក៏ធ្លាប់មានករណីភ្លើងឆេះព្រៃនៅតំបន់ភូមិសាស្ត្រសង្កាត់ជ្រាវនេះផងដែរ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននិងចាត់វិធានការតឹងរឹងនិងស្រាវជ្រាវជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន ដោយមិនបណ្តោយឲ្យបង្កហានិភ័យ ធ្វើឲ្យប្រជាពលរដ្ឋយគេងមិនលក់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង