ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ កំពុងប្រយុទ្ធនិងវីរុសកូវីដ១៩
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស ជាអ្នកប្រយុទ្ធជួរមុខ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញា មានឆន្ទៈមុះមុតបំពេញភារកិច្ច ការពារការរីករាលដាល និងថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅកម្ពុជា យ៉ាងមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា របស់សម្តេចតេជោ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សិល្បករ សិល្បការិនី អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែលបានរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការប្រតិបត្តិ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកក៏សូមឲ្យក្រុមគ្រូពេទ្យ មន្រ្តី បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តតាមគោលនយោបាយនិងការណែនាំប្រតិបត្តិរបស់រាជរដ្ឋាភិបាល នឹងសូមជូនពរឲ្យមាន សុខភាពល្អ និងទទួលបាននូវជ័យជំនះ លើការប្រយុទ្ធនឹងការរីករាលដាលនៃវីរុស COVID 19 នៅកម្ពុជា៕