ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាទៅកាន់ក្រសួងសុខាភិបាល ឲ្យធ្វើការជាមួយព្រះរាជអាជ្ញា ប៉ូលិស និងកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីចុះចាប់យកនូវឧបករណ៍ពិនិត្យកូវីដ១៩
ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាទៅកាន់ក្រសួងសុខាភិបាលឲ្យធ្វើការជាមួយព្រះរាជអាជ្ញា ប៉ូលិស និងកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីចុះចាប់យកនូវឧបករណ៍ពិនិត្យកូវីដ១៩ ក៏ដូចជាឧបករណ៍ព្យាបាលកូវីដ១៩ ដែលកំពុងត្រូវបានមនុស្សមួយចំនួនធ្វើការផ្សព្វផ្សាយលក់ ខណៈដែលឧបករណ៍ទាំងនោះជាឧបករណ៍ខុសច្បាប់និងមិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នោះ ។
សម្តេចបានបញ្ជាក់ថា ការបញ្ជារឲ្យចុះចាប់យកនូវឧបករណ៍ពិនិត្យកូវីដ១៩នោះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែព្រួយបារម្ភរឿងវីរុសនេះហើយ មករងគ្រោះខាតបង់លុយកាក់ ជាមួយនឹងឈ្មួញមួយចំនួនដែលដាក់លក់នូវឧបករណ៍ខុសច្បាប់ទាំងនេះ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន «ហើយទាក់ទិនជាមួយនឹងឧបករណ៍ធ្វើតេស្ត កូវីដ ១៩ ឬព្យាបាលកូវីដ១៩ ហ្នឹងវាចេះតែបន្តទៅហើយ ទោះបីថា ឯកឧត្តម ម៉ម ប៊ុនហេង សុំការអនុញ្ញាតិដើម្បីផ្សព្វផ្សាយរឿងនេះ ក៏វាចេះតែបន្ត ។ អញ្ចឹងទេ យើងអត់មានជម្រើសទេ ឥឡូវសុំឲ្យលោក ម៉ម ប៊ុនហេង គឺក្នុងឋានៈដែលជាអ្នកដឹង ស្គាល់អំពីបញ្ហានេះ ធ្វើការជាមួយនឹងនគរបាល អាវុធហត្ថដើម្បី ចុះចាប់យកតែម្តង គឺកុំឲ្យនែ យកទៅណាទៀត។ និយាយរួម ចុះចាប់យកតែម្តង របស់ដែលមិនទាន់មានការអនុញ្ញាតពីអង្គការសុខភាពពិភពលោក ចុះចាប់យក »។
បន្ថែមពីលើនេះសម្តេចតេជោ ក៏បានបញ្ជាទៅលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ «ត្រូវសម្របសម្រួល នឹងព្រះរាជអាជ្ញាដើម្បីចុះចាប់យក ចុះចាប់យកតែម្តង កុំនិយាយច្រើនពេក ដំណាក់កាលនេះហើយ មិនមែនដំណាក់ដែលត្រូវអប់រំ ញ៉ែរប៉ប្រែ ជាមួយអាអ្នករកស៊ីប៉ុន្មានក្បាល (នាក់) ឥឡូវសុំការអនុញ្ញាតបន្ទាន់ទៅ …សំខាន់ភាគច្រើននៅទីក្រុងភ្នំពេញ» ។
សម្តេចក៏បានបញ្ជាទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវមើលក្នុងទីក្រុងភ្នំពេញនេះឲ្យបានច្បាស់ដែរ គឺខិតខំធ្វើការងារហ្នឹង កុំឲ្យរឿងនេះវារីករាលដាលទៅ ហើយគ្រប់ខេត្តទាំងអស់ក៏ត្រូវតែធ្វើបញ្ជូនសារសម្លេងនេះទៅកាន់គោលដៅផ្សេងៗទៀត ឲ្យតែឃើញចាប់យកៗតែម្តង ព្រោះតែយើងអត់ទាន់មានច្បាប់ តែរបស់អត់ច្បាប់ ក៏ត្រូវតែចាប់យកដែរ។ អាហ្នឹងយកមកសិន ព្រោះវាអត់ទាន់មានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកទេ រឿងនេះត្រូវបញ្ជាក់គ្នាយ៉ាងច្បាស់ៗ ហើយក៏ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង កុំឲ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះ ដោយសារតែអាជំងឺរាតត្បាតនេះហើយ មករងគ្រោះដោយសារតែមនុស្សដែលវាប្រព្រឹត្ត ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីម្តងទៀតថា «អញ្ចឹងខ្ញុំចេញបញ្ជារឲ្យកម្លាំងទាំងអស់ ចេញប្រតិបត្តិការ កន្លែងដែលមាន និយាយរួម ហើយ រាជធានី ខេត្ត ត្រូវតែមើលខ្លួនឯងអំពីបញ្ហានេះ ព្រោះត្រូវធ្វើប្រតិបត្តិការឆាប់រហ័ស ដើម្បីបញ្ជួនកម្លាំងចុះទៅធ្វើតែម្តង លោក កើត រិទ្ធ អាចបញ្ជារបញ្ជួនបញ្ហានេះ ទៅឲ្យព្រះរាជអាជ្ញាតាមគ្រប់ទីកន្លែង ដើម្បីធ្វើកិច្ចសហការផងដែរ អញ្ចឹងគឺត្រូវធ្វើឲ្យបានឆាប់រហ័ស ហើយត្រូវពិនិត្យមើលតាមច្រកចេញចូល ដែលនាំចូលមក គឺត្រូវប្រយ័ត្នប្រយែងអំពីបញ្ហានេះ » ៕ អត្តបទកោះសន្តិភាព