អ្នកផ្ទុកជម្ងឺCOVID -19 ចំនួន ២នាក់ ឥឡូវបានសះស្បើយ

ខេត្តបន្ទាយមានជ័យ៖ នៅខេត្តបន្ទាយមានជ័យអ្នកជម្ងឺCOVID -19 ចំនួន២នាក់ ក្រោយបានថែទាំ​​និង​ដាក់នៅដោយឡែកក្នុងមន្ទីរពេទ្យ ឥឡូវបានសះស្បើយហើយគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត​មិត្តភាព​កម្ពជា​.​ជប៉ុនមង្គលបូរី អនុញ្ញាតិអោយវិលទៅផ្ទះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជ​បណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យនិងគ្រូពេទ្យជំនាញ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គល​បូរី និងមន្ត្រីក្រុមការងារបានអបអរសាទរជូនដំណើរ ព្រមទាំងផ្តល់ការឧបត្ថម្ភដល់អ្នក​ឈ្នះជម្ងឺកូវីដ​១៩ នេះទាំង២លើក ចំណែកលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងមន្ត្រីក្រុមការងារ​បានរង់ចាំ​ទទួលស្វាគមន៍នៅផ្ទះ។ លោកអភិបាលខេត្ត និងមន្ត្រីសុខាភិបាល រួមទាំងគ្រូពេទ្យបានកត់​សម្គាល់ឃើញ​ថា នេះជាជោគជ័យថ្មី​លើក​ដំបូង លើផ្នែកទទួលថែទាំ ព្យបាលអ្នកជម្ងឺនៅខេត្តបន្ទាយមានជ័យ គឺជា​ជោគ​ជ័យនៃការអនុវត្តគោល​នយោបាយរបស់ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលលើការ​ប្រយុទ្ធនឹងមេរោគ​កូវីដ១៩។ មន្ត្រីសង្ឃឹមថា លទ្ធផលនេះនឹងជួយធ្វើឲ្យប្រជាពលរដ្ឋនិងមហាជន លែងមានការភ័យខ្លាច រើស​អើង បើទោះយ៉ាងណា ក៏វារឹងរឹតតែជម្រុញឲ្យយើងរួមគ្នាប្រុងប្រយ័ត្ន បង្ការទប់ស្កាត់ នូវមេរោគកូវីដ១៩ ក៏ដូចជាយកចិត្តទុកដាក់លើសេវាថែទាំបំប៉ន ព្យាបាលបន្ថែមទៀតលើអ្នកជម្ងឺ។ សូមបញ្ជាក់ថា បុរស​ពលករខ្មែរធ្វើការនៅថៃ អាយុ៣១ឆ្នាំរូបនេះ បានជាសះស្បើយពីជម្ងឺកូវីដ​១៩ គាត់បានវិលទៅផ្ទះនៅ​ព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បុរសនេះនឹង​ស្ថិតនៅដាច់ដោយឡែក១៤ថ្ងៃទៀតនៅបរិវេណផ្ទះ មុននឹងអាចស្និតស្នាលនឹងសមាជិកគ្រួសារ ៧នាក់​របស់គាត់។ ចំណែកបុរសជនជាតិខ្មែរឥស្លាម អាយុ៤១ឆ្នាំ ដែលវិលពីចូលរួមកម្មវិធីសាសនានៅ​ប្រទេស​ម៉ាឡេស៊ី គាត់បានវិលទៅផ្ទះភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កាលរសៀលថ្ងៃទី២៧ ខែមីនារួចហើយ ក្រោយស្ថិតនៅដាច់ដោយឡែក១៤ថ្ងៃ ក៏នឹងអាចស្និតស្នាលនឹងសមាជិកគ្រួសារ ៥នាក់​របស់គាត់ដែរ អ្នកទាំង២ ត្រូវបានរកឃើញវិជ្ជមានចំពោះមេរោគកូវីដ​១៩ ហើយបានចូល​សម្រាកនៅ​មន្ទីរ​ពេទ្យកាលពី១៧ ដល់ថ្ងៃទី២៧,២៩ ខែមីនាឆ្នាំ២០២០ ។ អ្នកឈ្នះជម្ងឺកូវីដ១៩ ទាំង២នាក់ បានថ្លែង​អំណរ​គុណគ្រូពេទ្យជំនាញដែលពិនិត្យ ថែទាំអោយលោកបានសះស្បើយ ហើយក៏អរគុណថ្នាក់ដឹកនាំ មន្ត្រី​និងអ្នកទាំងឡាយដែលបានឧបត្ថម្ភ និង​​ផ្តល់កម្លាំងចិត្ត និងមិនរើសអើងចំពោះពួកគាត់ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនិង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល  ដោយឡែកក្រុមគ្រូពេទ្យបានធ្វើពលិកម្មធំណាស់ក្នុងការថែទាំ ព្យបាលអ្នកជម្ងឺកូវីដ​១៩ ដោយឡែក នៅខេត្តនេះមានអ្នកជម្ងឺចំនួនតែ ២នាក់ដំបូងទេ និងបានជាសះស្បើយ ចំណែកក្រុម​ការរងារវិញ ក៏បន្តយុទ្ធនាផ្សព្វផ្សាយការបង្ការទប់ស្កាត់មេរោគកូវីដ១៩នេះបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង