ក្រសួងពាណិជ្ជកម្ម ចាត់មន្ត្រីជំនាញចុះទប់ស្កាត់ទំនិញលើទីផ្សារ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសចាត់មន្ត្រីជំនាញចុះទប់ស្កាត់ទំនិញលើទីផ្សារ ខណៈក្នុងកាលៈទេសៈកម្ពុជាកំពុងជួបបញ្ហានៃការរាតត្បាតការឆ្លងវីរុសកូវីដ១៩ មានឈ្មួញ ឬអាជីវករមួយចំនួន ក៏ឆ្លៀតឱកាសតម្លើងថ្លៃ ឬក្លែងផលិតផលទំនិញ។
ឯកឧត្តម ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រសួងនឹងចាត់ មន្ត្រី​ជំនាញចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះស្រាវ​ជ្រាវ ត្រួតពិនិត្យគុណភាព សុវត្ថិភាព និងថ្លៃទំនិញ ព្រមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខួច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ។


ឯកឧត្តម បានណែនាំឲ្យម្ចាស់ហាង និងអាជីវកលក់ទំនិញទាំងអស់ បិទស្លាកតម្លៃប្រាក់រៀលលើមុខទំនិញដែលចរាចរណ៍លើទីផ្សារ សំដៅធានាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរី ការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយដល់ចរាចររូបិយបណ្ណក្នុងស្រុក ក្នុងគោលបំណងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនទូទៅ។


ការប្រកាសពីចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើងស្របពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំរដ្ឋសភានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចុះស្រាវជ្រាវ ត្រួតពិនិត្យគុណភាព សុវត្ថិភាព និងថ្លៃទំនិញដូចជា ម៉ាស់ការពារមុខ ទឹកអាកុលលាងដៃ អ្នកប្រកាសថា មានថ្នាំ និងឧបករណ៍អាចព្យាបាល ឬការពារជំងឺកូវីដ១៩ និងមុខទំនិញផ្សេងៗទៀត ព្រមទាំងចុះស្រាវជ្រាវរកអ្នកបំផុសថា មានការបិទផ្សារដែលនាំឲ្យទំនិញឡើងថ្លៃ និងបង្កភាពចលាចលដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងចាត់វិធានការនានា ដើម្បីឆ្លើយតបការប្រឆាំងនៃការរីករាលដាលជំងឺកូវីដ១៩។


សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា មកទល់ពេលនេះមិនទាន់មានចំណាត់ការណាមួយដែលឈានទៅបិទផ្សារលក់ទំនិញនោះឡើយ។


សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានជនអនាមិកបានធ្វើការបំផុសព័ត៌មានមិនពិតនៅលើបណ្តាញទំនាក់ទំនងសង្គមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ដែលការក្លែងព័ត៌មាននេះ ធ្វើឲ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមជា​មួយគ្រឿងបរិភោគ និងឧបភោគមួយចំនួនឡើងថ្លៃ ស្របពេលប្រជាពលរដ្ឋនាំគ្នាសំរុកទៅទិញទុក ដើម្បីត្រៀមបង្ការ៕

អត្ថបទដែលជាប់ទាក់ទង