ខណៈអ្នកជាសះស្បើយកើនឡើង២៣នាក់ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ទៀត

ភ្នំពេញ៖ បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៣នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ ជនជាតិខ្មែរនិងខ្មែរឥស្លាម ១៨នាក់។

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២នាក់ទៀត ខណៈអ្នកជាសះស្បើយសរុប ២៣នាក់ និងកំពុងសម្រាកព្យាបាល ៨៦នាក់ នៃអ្នកឆ្លងសរុប ១០៩នាក់ បើគិត​ត្រឹម​ព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី២នាក់នោះ រួមមានស្រ្តីជនជាតិខ្មែរឥស្លាម អាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅខេត្តសៀមរាប ពួកគាត់ទាំងពីរគឺជាប្រពន្ធ និងកូន បុរសម្នាក់ដែលមានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ ក្នុងពេលនេះដែរ ម្តាយនិងកូនខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ឯកូនរបស់គាត់ទាំង២នាក់ទៀត រួមទាំងឪពុកក្មេក ក៏ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តផងដែរ ប៉ុន្តែមិនមានផ្ទុកមេរោគកូវីដនោះទេ។

ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី ២៨នាក់ និងបុរស ៥៨នាក់ ៕

អត្ថបទដែលជាប់ទាក់ទង