មិនយូរទេ សួនច្បារថ្មីមួយនឹងលេចចេញជារូបរាងឆាប់ៗនេះ

ភ្នំពេញ៖ មិនយូរទេ សួនច្បារថ្មីមួយនឹងលេចចេញជារូបរាង នៅតាមបណ្តោយវិថី​ភ្នំពេញ-ហាណូយ ដែលមានទីធ្លា សំរាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍​ក្មេងលេង ដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ និងបង្គោលបំភ្លឺ​សួន​ច្បារផងដែរ ។

ដើម្បីជម្រុញការងារនេះអោយបានលឿននិងត្រូវតាមគម្រោងប្លង់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ កាលពីប៉ុន្មានថ្ងៃមុននេះបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង​គម្រោង​រៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំង ស្ថិតនៅតាម​បណ្តោយ​ផ្លូវលេខ១០១៩ (វិថីភ្នំពេញ-ហាណូយ) ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយ​ប្រវែង ៥៥០ម៉ែត្រ ទទឹង ១៦ម៉ែត្រ ដោយរៀបចំអោយមាន ជាទីធ្លាលំហែកំសាន្ត កន្លែង​ហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ដើម្បីងាយស្រួលជូនបងប្អូន​ប្រជាពលរដ្ឋបានមកលំហែកំសាន្ត និងបានហាត់ប្រាណនៅទីនេះ ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹក​ជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់អោយដឹងហើយថា សួនច្បារថ្មីនេះបានចាប់ផ្ដើមអនុវត្តការដ្ឋានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ហើយគំរោងសួនច្បារនេះ​គ្រោះនឹងស្ថាបនា អោយបានរួចរាល់ក្នុងរយៈពេល ៤ទៅ៥ខែទៀត។

លោក សំ សាមុត បានបញ្ជាក់អោយដឹងទៀតថា ការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់​ពេលមិនយូរប៉ុន្មានទេ ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យ​សាធារណៈនៅលើសួនច្បារនេះតែម្តង។

រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលនៃ​គណៈអភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារ​នានា នៅក្នុងរាជធានីភ្នំពេញ ។ជាក់ស្ដែង នៅខណ្ឌសែនសុខនេះ ពីមុន មិនធ្លាប់​មាន​​សួនច្បារសាធារណៈនោះទេ តែដោយពិនិត្យឃើញថា ទីតាំងខាងលើ អាច​ស្ថាបនាសួនច្បារសាធារណៈបាន ទើបអភិបាលនៃគណៈអភិបាលភ្នំពេញ លោក ឃួង ស្រេង បានណែនាំ មានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។​ ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធ៕

អត្ថបទដែលជាប់ទាក់ទង