លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ ស្ដីពី ការពិន័យអន្តការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។
នៅក្នុងអង្កពិធីប្រជុំនោះលោកឧត្តមសេនីយ៍ត្រី វ៉ែន សាវិន ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់នឹងចរាចរណ៍ផ្លូវគោក បានអានអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រួចមកលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងអង្កពិធីនេះថា អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដើម្បីផ្សព្វផ្សាយដល់មន្ត្រីនគរបាលជំនាញទទួលការងារចរាចរណ៍ផ្លូវគោក សូមបងប្អូនមន្រ្តីនគរបាលយើងយកទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅតាមគោលដៅសំខាន់ៗ ទូទាំងខេត្តកណ្ដាល ជាលទ្ធផលល្អជូនថ្នាក់ដឹកនាំ និងអង្គភាព ក្នុងគោលបំណង បង្ការ ទប់ស្កាត់ នឹងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងលើអ្នកបើកបរ រួមទាំងរក្សាបាននូវអាយុជីវិត ទ្រព្យសម្បត្តិសាធារណៈនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្ត បានពង្រឹងរបៀបរបបការងារជំនាញ ដល់បងប្អូនមន្ត្រីជំនាញ បន្តរួមគ្នាធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ ស្វែងយល់បន្ថែមដើម្បីពង្រឹងវិធានការជំនាញ សមត្ថភាពជំនាញ ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តយោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការ រៀបចំ និងប្រព្រឹត្តទៅ របស់អគ្គស្នងការនគរបាលជាតិដាក់ផែនការឲរាជធានី-ខេត្ត និងបានក្រើនរំលឹក ដល់មន្ត្រីជំនាញ ដែលបានឈរជើងបំពេញបេសកកម្ម តាមបណ្ដាគោលដៅសំខាន់ៗ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរ សំដីសំដៅសុភាពរៀបសារ ជាមួយប្រជាពលរដ្ឋ សាកសមជាមន្ត្រីនគរបាលជាតិ ។
លោកស្នងការខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្ដន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នា នគរបាលចរាចរណ៍ខេត្ដកណ្ដាលនឹងចាប់ផ្ដើមអនុវត្តន៍ផាកពិន័យមួយរយភាគរយចំពោះបងប្អូនប្រជាពលរដ្ឋណា ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍នៅដើមខែឧសភា ឆ្នាំ២០២០នេះជាកំហិត ក្រោយពីចូលឆ្នាំខ្មែរចប់ នេះជាសារមួយផ្ញើរជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្ដន៍នឹងគោរពច្បាប់ទាំងអស់គ្នា។
បន្ទាប់ពីប្រជុំផ្សាយអនុក្រឹត្យរួច ជំនាញចរាចរណ៍ផ្លូវគោកបានបើកវគ្គបំប៉នជំនាញរយៈពេល១៥ថ្ងៃ ដល់នគរបាលចរាចរណ៍ទាំងអស់នៃខេត្ដកណ្ដាល ដែលមានគ្រូបង្គោល៧រូបជាអ្នកបង្ហាត់បង្រៀន ៕