រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលើកឡើងថា ទិសដៅយុទ្ធសាស្រ្តក្នុងការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្តោត​សំខាន់លើធនធានមនុស្ស ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធអង្គការចាត់តាំងតុលាការ


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា សម្រាប់ទិសដៅយុទ្ធសាស្រ្តពាក់ព័ន្ធកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺត្រូវផ្តោតសំខាន់លើការ​រៀបចំ​ធនធានមនុស្ស ហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធអង្គការ​ចាត់​តាំងតុលាការ ដើម្បីឱ្យស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់សង្គម។
ថ្លែងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀល​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្រាប់​​ទិស​ដៅ​យុទ្ធ​សាស្រ្តក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺផ្តោតសំខាន់លើការរៀបចំ​ធន​ធានមនុស្ស និងហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធអង្គ​ការចាត់តាំង​តុលាការ ដែលរួមមាន រដ្ឋបាល ការគ្រប់គ្រងសំណុំរឿងក្តី ដំណើរការនីតិវិធី និងការដោះ​ស្រាយ រួមទាំងដំណើរការនៃការតាមដានត្រួតពិនិត្យ និងអធិការកិច្ចផងដែរ។ សម្តេចក្រឡា​ហោមបានបញ្ជាក់ថា ដើម្បីឱ្យសម្រេចបាននូវទិសដៅយុទ្ធសាស្រ្តក្នុងការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងយុត្ដិធម៌ ត្រូវការរៀបចំធនធានមនុស្ស និង​ហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ រួមមានប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភផ្សេងៗ ការពង្រឹងគុណភាព សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ភាពស្អាតស្អំរបស់មន្រ្តីជាដើម។ ទន្ទឹមនេះ រៀបចំរចនា​សម្ព័ន្ធ និងទំនើបកម្មស្ថាប័ន រួមមានការធ្វើទំនើបកម្មរដ្ឋបាលតុលាការ ការដាក់ឱ្យដំណើរការ​តុលាការជំនាញ និងឧទ្ទរណ៍តំបន់ជាដើម។

សម្ដេចក្រឡាហោមក៏បានជំរុញឱ្យពង្រឹង និងកែលម្អដំណើរការនីតិវិធីរឿងក្តី និងយន្ត​ការ​ដោះស្រាយវិវាទរបស់តុលាការ ជាពិសេសពង្រឹងការងារតាមដាន ត្រួតពិនិត្យ និងអធិការ​កិច្ច ការពង្រឹងយន្តការអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធានាឱ្យមានការអនុវត្តបានត្រឹមត្រូវ និងប្រកប​ដោយប្រសិទ្ធភាពនូវយន្តការវិន័យ និង​យន្តការច្បាប់ផ្សេងទៀត។
សម្តេចក្រឡាហោមបានបញ្ជាក់បន្ថែមថា ការកំណត់ទិសដៅយុទ្ធសាស្រ្តនេះ គឺក្នុង​គោល​ដៅពង្រឹងនូវប្រសិទ្ធភាពនៃការដោះស្រាយវិវាទរបស់តុលាការ ដែលអាចឆ្លើយតប​បាន​ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងរបស់សង្គម៕

អត្ថបទដែលជាប់ទាក់ទង