ផលិតផលកសិកម្មយើងអាចធានាបាននូវសន្តិសុខស្បៀងបានគ្រប់គ្រាន់ បើទោះបីស្ថានភាពសេដ្ឋកិច្ចកំពុងប្រឈមដោយសារជំងឺឆ្លងកូវីដ-១៩
ភ្នំពេញ៖ បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា បើទោះជាប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចដោយសារជំងឺ ឆ្លងកូវីដ-១៩ ប៉ុន្តែផលិតផលកសិកម្មយើងអាចធានាបាននូវសន្តិសុខស្បៀងបានគ្រប់គ្រាន់ទាំងអង្ករ ត្រី សាច់ និងបន្លែ សម្រាប់រយ:ពេលយូរអង្វែង។
ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសចុះពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផល នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង និងចុះមកពិនិត្យសកម្មភាពភ្ញាស់កូនត្រី និងចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍ កាលពីព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែលបានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលឱ្យមានការរីកចម្រើនស្របតាមការអភិវឌ្ឍវារីវប្បកម្មនាពេលបច្ចុប្បន្ន។ ឯកឧត្ដមបានស្នើឱ្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង គិតគូរពីការធ្វើពាណិជ្ជកម្ម គឺមានន័យថាបង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្មដើម្បីបង្កើតប្រភពចំណូលយកមកបំពេញបន្ថែមនូវតម្រូវការរបស់មជ្ឈមណ្ឌលធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលមានការវិវឌ្ឍដោយចីរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កម្រិតជីវភាពរបស់មន្រ្តីឱ្យបានល្អប្រសើរ។ ទន្ទឹមនេះ មជ្ឈមណ្ឌលគួរស្វែងរកដៃគូជាមួយក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រីដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រី។ លើសពីនេះទៀត ត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងបង្កើនការងារស្រាវជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រីដែលជិតផុតពូជ និងរួមគ្នាថែរក្សាមជ្ឈមណ្ឌលទាំងមូលឱ្យបានគង់វង្ស ទុកជាប្រយោជន៍សម្រាប់បម្រើការងារស្រាវជ្រាវវិស័យជលផល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីក្នុងមជ្ឈមណ្ឌលបន្ដខិតខំស្វែងរកដៃគូមកជួយទាំងថវិកា និងការងារបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេសស្រាវជ្រាវឱ្យបានសមស្របតាមស្តង់ដារក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ដើម្បីឈានទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិត ផលត្រីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត Hara Hiro(ជនជាតិជប៉ុន អតីតជំនាញការរបស់ អង្គការ JICA) និងជាម្ចាស់កសិដ្ឋានភ្ញាស់កូនត្រីប្រា លើផ្ទៃដីជាង ១ហិកតា នៅភូមិស្កូវ ឃុំ ពាមរក៍ ខេត្ដព្រៃវែងបានឱ្យដឹងថា កសិដ្ឋានបានដំណើរការមកជាង១០ឆ្នាំហើយ ដែលដើរ តួនាទីជាកន្លែងភ្ញាស់កូនត្រីប្រាសម្រាប់ផ្គត់ផ្គង់ឱ្យបងប្អូនអ្នកចិញ្ចឹមត្រីនៅទូទាំងខេត្ត។ លោកបានបន្ដថា ជាមធ្យមក្នុង ១ឆ្នាំផលិតកូនត្រីប្រាបានជាង ២លានកូន ហើយបរិមាណនេះនឹងមានការកើនឡើង យោងទៅលើសេចក្តីត្រូវការកូនត្រីប្រារបស់អតិថិជន ជាពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារកសិករងាកមកចាប់យករបរចិញ្ចឹមត្រីនេះចេះតែមានការកើនឡើង។ ចំណែកលោក ជា ទឺ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីពោ និងត្រីប្រា លើផ្ទៃដីជាង ៥ហិកតា នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ដែលមានស្រះចិញ្ចឹមត្រីទាំងពីរប្រភេទនេះគឺចំនួន ៨ស្រះ។ លោកបានបញ្ជាក់ឱ្យដឹងថា ជាមធ្យមក្នុង ១ឆ្នាំ ប្រមូលផលត្រីបានពី ៨០-១០០តោន ដោយលក់ចេញត្រីពោ ៨ពាន់រៀលក្នុងមួយគីឡូក្រាម និងត្រីប្រា ៥ពាន់រៀលក្នុងមួយគីឡូក្រាម ហើយក្នុង ១ឆ្នាំអាចរកចំណូលបានពី ២-៣ម៉ឺនដុល្លារអាម៉េរិក។ លោក គង់ ប៉ា ជាម្ចាស់កសិដ្ឋាន ភ្ញាស់កូនត្រីអណ្តែង និងត្រីប្រា នៅក្នុងស្រុកពាមរក៍ដែរនោះក៏បានលើកឡើងដែរថា ក្នុង១ឆ្នាំ កសិដ្ឋាននេះអាចផលិតកូនត្រីទាំងពីរប្រភេទបានចំនួនពី ៨-១០លានកូន លក់ចែកចាយជូនបងប្អូនអ្នកចិញ្ចឹមក្នុងតម្លៃ ១៥ពាន់រៀលក្នុងមួយគីឡូក្រាម។ លោកបន្តថា ទាំងបរិមាណកូនភ្ញាស់ និងតម្លៃគឺប្រែប្រួលទៅតាមសេចក្តីត្រូវការរបស់អតិថិជន តែទោះជាយ៉ាងណាសេចក្តីត្រូវការកូនត្រីមានការ កើនឡើងជាបន្តបន្ទាប់។ បើតាមការឱ្យដឹងរបស់ប្រធានវិទ្យាស្ថាននៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែងបានបង្ហាញអំពីការងាររដ្ឋបាល សកម្មភាពភ្ញាស់កូនត្រីគ្រប់ ប្រភេទ និងបង្កងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលនាពេលអនាគតធ្វើយ៉ាងណាពង្រីក សក្តានុពលផលិតកូនត្រីឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ និងបន្តពង្រីកការងារផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មទំនើបទាន់សម័យទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូនដល់អ្នកចិញ្ចឹម។ មជ្ឈមណ្ឌលមានផ្ទៃដីជាង ១៣ហិកតា ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍។ ទន្ទឹមនេះ មជ្ឈមណ្ឌល ក៏មានភារកិច្ច ៣សំខាន់ គឺទី១. បន្សុទ្ធ បង្កាត់ពូជ និងអភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករ។ បច្ចុប្បន្នកំពុងធ្វើការសិក្សាស្រាវជ្រាវបង្កាត់ពូជត្រីដោយចែកចេញជាត្រីផលិតកម្មមានដូចជាត្រីកាប ឆ្ពិន ក្រហែ កាបស កាបក្បាលធំ ទីឡាព្យា។
យោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែងបានឱ្យដឹងថា ជាមធ្យមនៅទូទាំងខេត្តព្រៃវែងទទួលបានផលពីវារីវប្បកម្មពី១២-១៤ពាន់តោនក្នុង១ឆ្នាំ ដែលបរិមាណនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារក្នុងខេត្តបាន និងនាំចេញមកកាន់រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់។
ក្នុងឱកាសនោះដែរ ឯកឧត្តម វេង សាខុន ក៏បានកោតសរសើរចំពោះមន្ទីរកសិកម្មខេត្ដព្រៃវែង ក៏ដូចជាមន្រ្តីជំនាញ និងជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលជលផលដែលបានខិតខំយកអស់កម្លាំងកាយចិត្តអភិវឌ្ឍន៍អនុវិស័យនេះឱ្យមានការរីកចម្រើន ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការចាប់ត្រីពីប្រភពធម្មជាតិ៕ by AKP