រយៈពេលតែមួយថ្ងៃប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប វិលត្រឡប់មកពីប្រទេសថៃ សរុប ៣១៣នាក់ ស្រី ១២៨នាក់
ខេត្តសៀមរាប៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប វិលត្រឡប់មកពីប្រទេសថៃ ចំនួនសរុប ៣១៣នាក់ ស្រី ១២៨នាក់ ចំនួនគិតតែក្នុងរយ:ពេលមួយថ្ងៃប៉ុណ្ណោះ។
ប្រជាពលរដ្ឋខ្មែរបានចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃប្រកាសបិទរោងចក្រ សហគ្រាសទាំងអស់ និងបិទច្រកមិនអនុញ្ញាតឲ្យបរទេសចេញចូលកាលពីដើមខែមីនាកន្លងមក។ ពេលនេះប្រជាពលរដ្ឋខ្មែរមិនមានការងារធ្វើ និងជិតដល់បុណ្យចូលឆ្នាំខ្មែរផង ក៏ចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសរបស់ខ្លួនយ៉ាងគំហុក ។ ជាលទ្ធផលគិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ខខ្មែរដែលនៅក្នុងខេត្តសៀមរាប បានធ្វើដំណើរមកពីក្រៅប្រទេស មានចំនួនសរុប ៨៩៨១នាក់ ស្រី ៣៩៣៤នាក់ ដោយបានពិនិត្យសុខភាពបឋមចំនួនសរុប ៨៨១៤នាក់ ស្រី ៣៩០៦នាក់។
អនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ លើការបង្ការ និងការពារស្ថានភាពនៃការរាលដាលរបស់ជំងឺកូវីដ១៩ ពិសេសពង្រឹងលើការផ្សព្វផ្សាយវិធានតាមដាន ការពារ និងគ្រប់គ្រងលើប្រជាជនដែលទើបត្រឡប់ពីក្រៅប្រទេស ដើម្បីធានាថែរក្សាសុខភាពពួកគាត់ឲ្យបានល្អប្រសើរ ៕