ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប វិលត្រឡប់មកពីប្រទេសថៃ នៅតែមានចំនួនច្រើនដដែល
យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនេះ បានវិលត្រឡប់មកពីបរទេសមានចំនួនសរុប ៣០១នាក់ ស្រី ១២៧នាក់។
ជាលទ្ធផលគិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាជនដែលធ្វើដំណើរពីក្រៅប្រទេសចូលមកក្នុងខេត្តសៀមរាបវិញមានចំនួនសរុប ៩២៨២នាក់ ស្រី ៤០៦១នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមចំនួនសរុប ៩១១១នាក់ ស្រី ៤០៣០នាក់។
សកម្មភាពនេះ អាជ្ញាធរខេត្តបានដាក់ចេញវិធានការដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ បន្តអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ឱ្យបានមុឺងមាត់ក្នុងការនាំយកពួកគាត់មកពិនិត្យសុខភាពជាបឋម ដើម្បីទប់ស្កាត់ បង្ការ និងការពារឆ្លងជំងឺកូវីដ-១៩ ជាពិសេសពង្រឹងលើការផ្សព្វផ្សាយពីវិធានការពារ និងតាមដាន និងគ្រប់គ្រងលើប្រជាជនដែលទើបត្រឡប់ពីក្រៅប្រទេស៕ ប្រភព: រដ្ឋបាលខេត្តសៀមរាប