រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បញ្ជាក់សារជាថ្មីដល់ប្រជាពលរដ្ឋ សូមជឿជាក់លើរបាយការណ៍របស់ក្រសួងសុខាភិបាលពាក់ពន្ធ័នឹងជំងឺ កូវីត១៩
យោងតាមវេបសាយរបស់ក្រសួងព័ត៌មានបានសរសេរថា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់សារជាថ្មីដល់ប្រជាពលរដ្ឋ សូមជឿជាក់លើរបាយការណ៍របស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងជំងឺ កូវីត១៩ ព្រោះមានតែតួលេខពីក្រសួងទេដែលផ្សព្វផ្សាយព័ត៌មានពិត និងអាចទុកចិត្តបាន ។
លោករដ្ឋមន្រ្តី បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំ សាមញ្ញប្រចាំសប្តាហ៍របស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ការដែលក្រសួងព័ត៌មាន នៅតែជួបប្រជុំគ្នាប្រជុំប្រចាំសប្តាហ៍នេះ គឺដោយសារ មានករណីចាំបាច់នានា ជាច្រើនពាក់ព័ន្ធ ដែលត្រូវតែធ្វើរួមគ្នា ដោះស្រាយតាមរយៈការសម្របសម្រួល សហការគ្នា ដើម្បីប្រសិទ្ធភាពការងារថ្មីៗបន្ថែមទៀត។
ឯកឧត្តម បញ្ជាក់ថា គ្រប់អគ្គនាយកដ្ឋានទាំងអស់ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយព័ត៌មានពិត ដើម្បីឆ្លើយតប ទៅនឹងព័ត៌មានក្លែងក្លាយ ព្រោះថាក្នុងរយៈពេលចុងក្រោយនេះ មានសភាពការណ៍តឹងតែង ទាក់ទងបញ្ហាជំងឺកូវីត១៩ ដែលមានក្រុម និងបុគ្គលមួយចំនួនបានផ្សាយ នូវព័ត៌មានមិនពិត ធ្វើអោយប្រជាពលរដ្ឋ មានការយល់ច្រឡំ ។
ឯកឧត្តម បានបន្តថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សាយដំណឹងនិងព័ត៌មាន ពិតប្រាកដ ក្នុងនោះទាក់ទងជំងឺ កូវីត១៩ មានតែក្រសួងសុខាភិបាលតែប៉ុណ្ណោះ ដែលជាអ្នកចេញសេចក្តីប្រកាសព័ត៌មានយកជាផ្លូវការបាន។
តែទោះជាណា ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បន្តចូលរួមផ្សាយពីវិធានការ ការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីត ១៩នេះ ឲ្យបានកាន់តែទូលំទូលាយ ជាពិសេសផ្សាយពីទឹកចិត្តដ៏ល្អរបស់ បងប្អូនប្រជាពលរដ្ឋ សប្បុរសជន រួមទាំងថ្នាក់ដឹកនាំ ដែលបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ក្នុងការរួមគ្នា ប្រយុទ្ធនឹងជំងឺ កូវីត១៩ ៕