Detail Top Banner

សមត្ថកិច្ចចម្រុះចុះបង្រ្កាបគ្រឿងក្នុងសត្វ២កុងតឺន័រ សង្ស័យមានសារធាតុគីមី ម្ចាស់យកឈ្មោះអ្នកធំមកគំរាម ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការសម្របសម្រួលនីតិវិធី ដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល , លោក នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លី សុជាតិ ស្នងការរងទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញខាងកាំកុងត្រូល និងកម្លាំងនគរបាលជាច្រើននាក់ បានបើកប្រតិបត្តិការចុះឆែកឆេរ ឃ្លាំងស្តុកទុកគ្រឿងក្នុងសត្វ សង្ស័យមានសារធាតុគីមី នាំមកពីប្រទេសថៃ មួយកន្លែង ស្ថិតនៅភូមិជ័យឧត្តម១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។

ខណៈកំពុងតែឆែកឆេ និងពិនិត្យគ្រឿងក្នុងសត្វសង្ស័យមានសារធាតុគីមីនោះ ស្រាប់តែនៅម៉ោង១ និង២០នាទីរសៀលថ្ងៃដដែល មានបុរសម្នាក់ឈ្មោះ ហ៊ឹម សុខហឿនន អាយុជាង៣០ឆ្នាំ ចេញមុខមកបញ្ជាឲ្យសមត្ថកិច្ចទាំងអស់ដកខ្លួនថយ ដោយនិយាយគំរាមថា មានអ្នកធំទូរស័ព្ទមកប្រាប់ហើយ ម្តេចមិនដកថយ..?។ ពេលឃើញទង្វើ និងកាយវិការ សំដីដ៏កោងកាចបែបនេះ សមត្ថកិច្ចក៏បានហៅជននេះចូលឡានឡិចស៊ីស៣៣០មួយគ្រឿង នាំខ្លួនជននេះទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

លោក នៃ ចារី អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា៖ គ្រឿងក្នុងសត្វ ពោះវៀនជ្រូក គោ ក្បាលមាន់ ទា ដែលនៅក្នុងឃ្លាំងស្តុកទុកគ្រឿងក្នុងសត្វខាងលើ នឹងត្រូវយកទៅដុតកំទេចចោល។

នៅម៉ោង២រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះដែរ កម្លាំងចម្រុះបង្កើតគណៈកម្មការមួយដើម្បីបិទទីតាំងឃ្លាំងខាងលើជាបណ្តោះអាសន្ន រង់ចាំរកពេលដឹកយកគ្រឿងក្នុងសត្វ ពោះវៀនជ្រូក គោ ក្បាលមាន់ ទា ទាំងអស់នោះ យកទៅកំទេចចោល អាចពេលល្ងាចនេះ ឬព្រឹកស្អែក៕ by KBN

អត្ថបទដែលជាប់ទាក់ទង