សាធារណជន អំពាវនាវឱ្យរដ្ឋាភិបាលបិទទីផ្សារជួញដូរសត្វព្រៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ជាវិធានការឆ្លើយតបនឹងកូវីដ១៩
ដោយវិទ្យុជាតិ៖ ខណៈដែលពិភពលោក កំពុងតែប្រឈម នឹងគ្រោះអាសន្ន សុខភាពសាធារណៈ ដ៏ធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់មានពីមុនមកមហាជនចំនួនជាង ៩០% មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ហុងកុងដែលបានចូលរួមក្នុងការសិក្សាស្ទង់មតិបានសម្តែងមតិគាំទ្រឱ្យមានចំណាត់ការមួយឡើងដោយរដ្ឋា ភិបាលក្នុងការបិទទីផ្សារជួញដូរសត្វព្រៃខុសច្បាប់ និងគ្មានការអនុញ្ញាតនានា។
បើយោងតាមលទ្ធផលនៃការសិក្សាស្ទង់មតិមួយដែលបានធ្វើឡើងដោយអង្គការ WWF ដែលចេញផ្សាយនៅថ្ងៃនេះ ការផ្ទុះឡើងនូវវីរុសកូវីដ១៩នាពេលថ្មីៗនេះ ធ្វើឱ្យមានការពិនិត្យយ៉ាងមុតមាំ ទៅលើទំនាក់ទំនងរវាងប្រភេទជំងឺឆ្លងតាមរយៈសត្វដែលជាប្រភេទវីរុសឆ្លងពីសត្វទៅមនុស្សជាមួយនឹងទីផ្សារជួញដូរសត្វព្រៃ។ ការសិក្សាស្ទង់មតិមួយ ដែលបានធ្វើឡើង ក្នុងខែមីនា មានអ្នកចូលរួម ចំនួន ៥០០០នាក់ មកពីហុងកុង ជប៉ុន ភូមា ថៃ និង វៀត ណាម បានបង្ហាញថា មនុស្សចំនួន ៨២% នៃចំនួនមនុស្សសរុប ដែលបានចូលរួមក្នុងការស្ទង់មតិមានការព្រួយបារម្ភយ៉ាងខ្លាំងបំផុត ចំពោះការផ្ទុះឡើងនូវវីរុសកូវីដ១៩នេះ ហើយក្នុងចំណោមចំនួនសរុបនៃ អ្នកចូលរួមក្នុងការស្ទង់មតិនោះ មានមនុស្សចំនួន ៩៣% បានបញ្ចេញមតិគាំទ្រឱ្យរដ្ឋាភិបាលរបស់ពួកគេដាក់ចេញ នូវ ចំណាត់ការដើម្បីលុបបំបាត់ទីផ្សារជួញដូរសត្វព្រៃខុសត្រូវ និងគ្មានការអនុញ្ញាត ។
អ្វីដែលនៅតែជាមន្ទិលសង្ស័យនោះ គឺប្រភពនៃការផ្ទុះឡើងរបស់វីរុសកូវីដ១៩ ប៉ុន្តែអង្គ ការសុខភាពពិភពលោក (WHO) បានបញ្ជាក់ហើយថា វាជាប្រភេទជំងឺដែលឆ្លងពីសត្វ ពោលគឺវាជាប្រភេទវីរុសដែលចម្លងពីសត្វព្រៃទៅមនុស្ស ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លង ទៅនេះរដ្ឋាភិបាលចិន បានប្រកាសអំពីការហាមឃាត់ដាច់ខាតចំពោះការ ប្រើប្រាស់ និង បរិភោគសត្វព្រៃ ។
លោក គ្រីស្ទីវីលលៀមស៍ (Christy Williams) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គ ការ WWF បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីដទៃ ទៀត គួរធ្វើតាមគំរូនេះដោយបិទទីផ្សារសត្វព្រៃនានា ក្នុងប្រទេសរបស់ខ្លួន និងបញ្ឈប់ ការជួញដូរសត្វព្រៃទាំងអស់ដើម្បីការពារជីវិតមនុស្សនិងបង្កាវិបិត្តសង្គមនិងសេដ្ឋកិច្ច ដែលមនុស្សទូទាំងសកលលោកកំពុងទទួលរងគ្រោះនេះកុំឱ្យកើតឡើងជាថ្មីម្តងទៀត ។”
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ នៅក្នុងប្រទេសកម្ពុជា កិច្ចខិតខំ ប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញ ឱ្យឃើញនូវការយកចិត្តទុកដាក់ពិតប្រាកដមួយ ក្នុងការចូលរួមកាត់បន្ថយវត្តមាននៃផលិតផលសត្វព្រៃ និងសាច់សត្វព្រៃ នៅលើទីផ្សារ ក៏ដូចជានៅតាមបណ្តាតំបន់រម្យនីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្ត។”
លោកបានបន្តទៀតថា៖ “គេចាំបាច់ត្រូវបញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ជាពិសេសប្រភេទ ថនិកសត្វ ពពួកបក្សី និងប្រភេទសត្វល្មូននានា ដែលសុទ្ធសឹងជាប្រភេទសត្វដែលអាចមានហានិភ័យខ្ពស់ក្នុងការ ចម្លង វីរុសដល់មនុស្ស ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខភាពសាធារណៈល្អជូនដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាដើម្បីបញ្ចៀសកុំឱ្យមានការផ្ទុះឡើងនូវវីរុសឆ្លងចេញពីប្រទេសយើង។”
មនុស្សចំនួន ៩ភាគរយ នៃចំនួនមនុស្សសរុបដែលបានចូលរួមក្នុងការសិក្សាស្ទង់មតិ ធ្វើឡើងដោយស្ថាប័នឈ្មោះ ហ្គ្លូប ស្កេន (GlobeScan) បានបញ្ជាក់ថា ខ្លួនគេផ្ទាល់ ឬអ្នកដទៃផ្សេងទៀតដែលគេបានស្គាល់ ធ្លាប់បានទិញសត្វព្រៃក្នុងរយៈពេល១២ខែចុងក្រោយ នេះ ពីទីផ្សារសត្វព្រៃ ដែលដាក់លក់ជាចំហរ ខណៈដែលមនុស្សចំនួន ៨៤% នៃអ្នក ដែលត្រូវបានគេស្ទង់មតិបានប្រាប់ថា ពួកគេនឹងមិនទិញសត្វព្រៃទេ ចាប់ពីពេលនេះ តទៅ។
អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍ថា ជំងឺកូវីដ១៩ ដែល រាលដាល ជាសកលនាពេលបច្ចុប្បន្ននេះ បូករួមទាំងធាតុបង្កជំងឺទាំងអស់ នៅលើខ្លួន មនុស្សចំនួន ៦១% ផង គឺមានប្រភពឆ្លងមកពីសត្វ ដែលការជួញដូរសត្វព្រៃ ជា ត្តាបង្ក គ្រោះថ្នាក់ខ្លាំងជាងគេមួយ ក្នុងការធ្វើឱ្យរីករាលដាលនៃជំងឺឆ្លងតាមរយៈសត្វ ។
ជំងឺឆ្លងរាលដាលផ្សេងៗទៀត ដូចជាជំងឺហ្សារស៍ (SARS) មើស៍ (MERS) និងអេបូឡា (Ebola) ក៏ត្រូវបានគេរកឃើញថា បណ្តាលមកពីវីរុសដែលឆ្លងពីសត្វមកមនុស្សផងដែរ៕