ជំងឺរាតត្បាតគំរាមកំហែងដល់សហរដ្ឋអាមេរិក ជាមួយនឹងវិបត្តិសេដ្ឋកិច្ច និងការបាត់បង់តួនាទីជាមេដឹកនាំពិភពលោក
បរទេស៖ អ្នកជំនាញ Pavel Zakharov នៃវិទ្យាស្ថានរុស្ស៊ីសម្រាប់សិក្សាយុទ្ធសាស្ត្រ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា សហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យនៃការបាត់បង់ភាពខ្លាំងរបស់ខ្លួន ដែលជាលទ្ធផលនៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូរ៉ូណាវីរុស ដែលបានធ្វើឱ្យមានពាក្យថា លាហើយ ចំពោះតួនាទីជាមេដឹកនាំពិភពលោក វិធីដែលលោកអាចមើលឃើញដូចនេះ ដោយសារតែអាជ្ញាធរ និងស្ថាប័នសហរដ្ឋអាមេរិកទាំងមូលបានប្រែជាមិនអាចទប់ទល់នឹងស្ថានភាពវេជ្ជសាស្រ្ត និងបញ្ហាប្រឈមខាងសេដ្ឋកិច្ចបាន។
អ្វីដែលធ្វើឱ្យការតស៊ូប្រឆាំងនឹងជំងឺរាតត្បាតនៅសហរដ្ឋអាមេរិកនៅតែអាក្រក់នោះ គឺ «ការនៅឆ្ងាយពីអ្នកទាំងអស់ដែលមានបំណងចង់រកជំនួយវេជ្ជសាស្រ្តអាចមានលទ្ធភាពផ្តល់សេវាកម្មដែលមានតម្លៃថ្លៃ»។
លោក Zakharov បាននិយាយថា «ទន្ទឹមនឹងនេះដែរ ទីក្រុងវ៉ាស៊ីនតោនមានធនធានហិរញ្ញវត្ថុយ៉ាងច្រើនដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការតស៊ូប្រឆាំងនឹងរោគរាតត្បាតនេះ (ច្បាប់មួយដែលត្រូវបាន អនុម័តកាលពីចុងខែមីនា មើលឃើញថា ការចំណាយថវិកាសហព័ន្ធខ្ពស់បំផុត ច្រើនជាង ២ទ្រីលានដុល្លារអាម៉េរិក TASS) ក្រោមកម្មវិធីផ្សេងៗសម្រាប់ជួយគាំទ្រប្រជាជន និងអាជីវកម្ម។ វាមានចំនួនច្រើនជាងចំនួនទឹកប្រាក់ដែលបានចំណាយក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកទៅទៀត»។
យោងតាមសម្តីរបស់លោក Zakharov បានឱ្យដឹងថា «វិធានការទាំងអស់ដែលកំពុងអនុវត្តនៅ សហរដ្ឋអាមេរិកនឹងបង្កឱ្យមានកំណើនបំណុលជាតិយ៉ាងធ្ងន់ធ្ងរ ហើយអាចមានផលវិបាកធ្ងន់ធ្ងរដល់ប្រព័ន្ធហិរញ្ញវត្ថុ។ លទ្ធផលនៃកម្មវិធីប្រឆាំងនឹងវិបត្តិនេះ បំណុលជាតិអាចនឹងកើនឡើងដល់ ២៧ទ្រីលានដុល្លារអាម៉េរិក ពោលគឺស្មើនឹង ១២០ភាគរយនៃផលិតផលក្នុងស្រុកសរុប ការធ្លាក់ចុះសេដ្ឋកិច្ចនេះអាចនឹងប្រែទៅជាខ្លាំងជាងមុនដោយភាពអត់ការងារធ្វើបានធ្លាក់ចុះដល់កម្រិតទាបនៅពេលមានវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង»។
យោងតាមស្ថិតិចុងក្រោយនេះបានឱ្យដឹងថា មនុស្សជាង ១៥០០០០០នាក់បានឆ្លងមេរោគកូរ៉ូណាវីរសនៅទូទាំងពិភពលោក ហើយមានមនុស្សស្លាប់ជាង ៨៨០០០នាក់ដែលត្រូវបានរាយការណ៍ សហរដ្ឋអាមេរិកមានចំនួនជិតមួយភាគបីនៃអ្នកដែលឆ្លងជំងឺនេះនៅជុំវិញពិភពលោក។ សាកលវិទ្យាល័យ John Hopkins ដែលតែងតែតាមដានព័ត៌មានដែលអាចរកបានពីអាជ្ញាធរសហព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មានមនុស្សសរុបចំនួន ៤៣២០០០នាក់បានឆ្លងមេរោគនេះនៅទូទាំងសហរដ្ឋអាមេរិក អត្រាមរណភាពដែលទាក់ទងនឹងវីរុសនេះរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន គឺស្ថិតនៅលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេស្បាញ ដែលមានចំនួន ១៤៨១៧នាក់៕ ប្រភពសារព័ត៌មានពី AKP