ឯកឧត្តម ជុំ កុសល ៖ ខ្មែរនៅក្រៅប្រទេសមួយចំនួន កុំមើលមកកម្ពុជាដោយភាពអវិជ្ជមាន សូមធ្វើយ៉ាងណាការពារខ្លួនឯងឲ្យបានឆ្លងCovid-19សិន
មុននេះបន្តិច ឯកឧត្តម ជុំ កុសល បានបង្ហោះទៅតាមបណ្តាញសង្គម ដាស់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន កំពុងរស់នៅក្រៅប្រទេសថា ៖ ” ខ្ញុំសូមផ្ញើសារទៅកាន់មនុស្សខ្មែរមួយចំនួនកំពុងរស់នៅក្រៅប្រទេស ដែលតែងតែមើលមកកម្ពុជាដោយភាពអវិជ្ជមាន ក្នុងការទប់ស្កាត់Covid-19 សូមធ្វើយ៉ាងណាការពារខ្លួនឯងឲ្យបានឆ្លងផុតដំណាក់កាលនេះសិនទៅ បើមិនអ៊ីចឹងទេក្រែង ល ចោលឆ្អឹងនៅទីនោះ ។
នៅកម្ពុជាមកដល់ម៉ោងនេះ មិនទាន់មានអ្នកស្លាប់ដោយសារCovid-19នៅឡើយទេ ហើយការឆ្លងក៏មានចំនួនតិចតួចបំផុត។ ឯការព្យាបាល ជាសះស្បើយក៏មានការកើនខ្ពស់ជិតឈានដល់ដល់ខ្ទង់រយទៅហើយ។ ទន្ទឹមនេះ ចំនួនអ្នកនៅកំពុងព្យាបាលនៅក្រោម ៥០នាក់ប៉ុណ្ណោះ ។
ទាំងនេះគឺដោយសារការដាក់ចេញវិធានការជាកលាក់របស់រាជរដ្ឋាភិបាលនិងការខិតខំប្រឹងប្រែងទាំងអស់គ្នាពីអាជ្ញាធរពាក់ព័ន្ធបូករួមទាំងមានការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមវិធានការពារសុខភាពរបស់ក្រសួងសុខាភិបាលពីសំណាក់ប្រជាពលរដ្ឋ ។
ការមានវិធានការទប់ស្កាត់បានយ៉ាងល្អនេះ បានធ្វើឲ្យអង្គការសុខភាពលោកកំណត់ថា ប្រទេសកម្ពុជាគ្រប់គ្រងជំងឺកូវិដ-១៩ ទទួលបានលទ្ធផលល្អប្រសើរ ដែលប្រទេដទៃទៀតគួរតែយកគំរូតាមកម្ពុជា ។
នេះគឺជាការវាយតម្លៃរបស់អង្គការសុខភាពពិភពលោកចំពោះលទ្ធផលជាក់ស្តែងនៅកម្ពុជា មិនមែនកម្ពុជាខ្លួនឯងជាអ្នកថាទេ ។
ដូច្នេះ សូមអស់លោកនៅខាងក្រៅបើកភ្នែកមើលដោយប្រើវិចារណញ្ញាណ មិនមែនតាមបែបសភាវគតិដែលជាសន្តានរបស់អស់លោកនោះទេ ។ ”