អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង៥៦លានអឺរ៉ូ មួយចំនួន មកជួយលើវិស័យគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ សហគមន៍អឺរ៉ុបសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន មកជួយលើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កាលពិថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងស្ដារសម្បទាសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺកូវីដ ១៩ (COVID-19) ។ កម្ពុជា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃជំងឺកូវីដ១៩ បានល្អប្រសើរ ប៉ុន្តែកម្ពុជានៅតែមិនបន្ធូរដៃនោះទេ និងរឹតតែបុរេសកម្ម និងសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ១៩ និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ១៩ មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈទេ តែជំងឺនេះ ក៏បានបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ រួមមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។
លោកស្រី Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ១៩នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺកូវីដ១៩នេះ។
លោកស្រីបានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន ដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលការងារ អាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញពីវិបត្តិនៃជំងឺកូវីដ១៩នេះ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីជាថ្មីម្ដងទៀត បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្ដិការរឹងមាំកន្លងមក របស់សហភាពអឺរ៉ុបជាមួយនឹងកម្ពុជា ជាពិសេស ស្វាគមន៍ចំពោះការចូលរួមចំណែក នៅក្នុងគ្រាដ៏លំបាកនេះ ។
អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ឡើងវិញថា ក្នុងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច-សង្គមពីផលប៉ះពាល់នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន៤ រួមមាន៖
១. ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩
២. ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩
៣. ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និង ជំនួយសង្គមដើម្បីគ្រប់គ្រង ការប្រយុទ្ធនឹងជំងឺកូវីដ១៩
៤. ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ផងដែរ៕ by FN