Detail Top Banner

ចាប់បានហើយ!!! មន្ត្រីនគរបាលដែលបាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ក្រោយពីទឹកភ្នែកក្រុមគ្រួសាររងគ្រោះបង្ហូរបង្ហោះផ្សាយតាមរយៈបណ្តាញសង្គមជាច្រើន ធ្វើឲ្យសមត្ថកិច្ចបន្តប្រឹងប្រែងស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនឃាតករ កាលពីវេលាម៉ោង៥.៣០នាទីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តកណ្តាល សហការណ៌កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានចាប់ខ្លួនជនសង្ស័យ ឈ្មោះ សែម រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង នៅចំណុចភូមិ-ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីបាញ់សម្លាប់ប្អូនថ្លៃខ្លួនឯង ឯកាំភ្លើងយកទៅប្លុងចោលនៅខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦.២០នាទីល្ងាចនៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជនរងគ្រោះមានឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ២៥ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្អូនថ្លៃ(ស្លាប់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
នៅថ្ងៃកើតហេតុគឺជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លីភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះបានចេញមកឃាត់ដោយនិយាយថា ចាំបាច់យកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះ០១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ដែលជាអ្នកជិតខាងជិះ រួចហើយយកទៅប្លុងចោលបន្ទាប់មកគេចខ្លួនបាត់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកកាំភ្លើងដែរជនសង្ស័យដែលយកទៅប្លុងចោលនៅខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ដោយ ជា សុគន្ធ
អត្ថបទដែលជាប់ទាក់ទង