កម្ពុជា ស្នើឲ្យអាស៊ាន-អាមេរិក រួមគ្នាបញ្ឈប់នូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩

ប្រមុខការទូតកម្ពុជា បានស្នើឲ្យអាស៊ាន សហការគ្នាជាមួយសហរដ្ឋអាមេរិក រួមគ្នាបញ្ឈប់នូវការរីករាលដាលនូវព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា នៅខណៈពេលដែលយើងទទួលស្គាល់អំពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវធ្វើឱ្យកាន់តែសកម្មឡើងទៀតនូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។


ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានស្នើឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការ រាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។


សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនេះ ក៏មានការស្នើឲ្យអាស៊ាន និងសហរដ្ឋអាមេរិក រិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្ត្រការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីបញ្ហាតំបន់នានា ដែលទាក់ទងនឹងសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងក្រៅពីតំបន់ ព្រមទាំងបានលើកឡើង អំពីសេចក្តីត្រូវការបន្ទាន់ ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាបានព្យាយាមកាត់បន្ថយនូវ ផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះ លើសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនសម្រាប់ដំណាក់កាល ជាសះស្បើយឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ ការងារ៕ by AKP

 

អត្ថបទដែលជាប់ទាក់ទង