សកម្មភាព និងវិធានការនានាដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ត្រូវតែបន្តកាន់តែខ្លាំងជាងមុន

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះថា សកម្មភាព និងវិធានការនានា ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅកម្ពុជា គឺពុំអាចបន្ថយដៃបាននោះឡើយ។

ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ “ពិតមែនតែ១២ថ្ងៃជាប់គ្នានេះ យើងពុំមានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ នៅកម្ពុជាយើងមែន ប៉ុន្តែការតាមដាន រួមជាមួយវិធានការនានា គឺយើងពុំមានបន្ធូរដៃនោះទេ យើងនៅបន្តការងាររបស់យើងជាប់ជានិច្ច ហើយកាន់តែខ្លាំងជាងមុន ទន្ទឹមនឹងនោះ ខ្ញុំសូមសំណូមពរឱ្យប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះ ព្រោះជាធម្មតាការចម្លងវីរុសនេះ បើតាមអង្គការសុខភាពពិភពលោក គឺយើងត្រូវឆ្លងកាត់បីដំណាក់កាល ហើយកម្ពុជាយើងកំពុងស្ថិតក្នុងដំណាក់កាលទី១ នៃវីរុសកូវីដ១៩ ដែលមានករណីនាំចូលហើយកើតឡើងរប៉េះរប៉ោះ ដំណាក់កាលទី២ គឺការឆ្លងពីអ្នកនាំចូលនោះទៅក្នុងសហគមន៍ ប៉ុន្តែគឺតិចតួចហើយគ្រប់គ្រងបាន និងករណីទី៣ គឺការរីករាតត្បាតមានលក្ខណៈទ្រង់ទ្រាយធំនៅក្នុងសហគមន៍។”

ឯកឧត្តម បានបន្ថែមថា តាមរយៈការដាក់ចេញនូវវិធានការបានរហ័សប្រកបដោយឆន្ទៈ និងគតិបណ្ឌិតខ្ពស់ របស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រទេសកម្ពុជាបានទប់ស្កាត់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺពុំចូលក្នុងករណីទី២ ដែលនេះជាការរីករាលដាលក្នុងសហគមន៍ បើទោះទ្រង់ទ្រាយតូច ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសគឺអនុវត្តនូវវិធានការ និងការណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ព្រមជាមួយការមានអនាម័យជាប់ជាប្រចាំ ដើម្បីការពារការរាតត្បាតចូលទៅក្នុងសហគមន៍កំរិតទី៣ ដែលនោះគឺមិនអាចគ្រប់គ្រងបាន ដូចប្រទេសមួយចំនួននៅសហភាពអឺរ៉ុបជាដើម។

គិតត្រឹមព្រឹកនេះ ប្រទេសកម្ពុជាយើង ពុំមានរកឃើញករណីវិជ្ជមានថ្មីនៃវីរុសកូវីដ១៩ ចំនួន១២ថ្ងៃជាប់ៗគ្នាមកហើយ ខណៈការព្យាបាលជាសះស្បើយវិញគឺមានរហូតដល់១១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់តែចំនួន១២នាក់ប៉ុណ្ណោះ៕ by AKP (ផែន រតនៈ)

អត្ថបទដែលជាប់ទាក់ទង