រដ្ឋបាលខេត្តស្វាយរៀង ទទួលបានសម្ភារៈការពារជំងឺឆ្លងកូវីដ១៩ ម៉ាស់ចំនួន ៣០០០០ម៉ាស់ និងទឹកជែលលាងដៃចំនួន ២៤០ដប ពីអាជ្ញាធរខេត្តតៃនិញ វៀតណាម
នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលសម្ភារៈសុខាភិបាល ការពារជំងឺឆ្លងកូវីដ១៩ រួមមាន ម៉ាស់ចំនួន ៣០០០០ម៉ាស់ និងទឹកជែលលាងដៃចំណុះ ៥០០មីលីលីត្រ ចំនួន ២៤០ដប ដែលឧបត្ថម្ភដោយអាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម។
សមាសភាពអញ្ជើញចូលរួម ខាងភាគីខេត្តស្វាយរៀង មានលោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានទីស្នាក់ការ និងកម្លាំងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងភាគីខេត្តតៃនិញ មានឯកឧត្តម ង្វៀន ថាញ់ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកនាយករងមន្ទីរការបរទេសខេត្ត មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត មេបញ្ជាការរងយោធាខេត្ត នាយករងនគរបាលខេត្ត និងតំណាងមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្ដម សុខ រស់អភិបាលរងខេត្ត បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចំណែកចែករំលែកនូវអំណោយការពារជំងឺឆ្លងកូវីដ១៩ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលបង្ហាញឲ្យឃើញពីការសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្វាយរៀង-តៃនិញ ជួយគ្នាក្នុងគ្រាលំបាក នៅក្នុងកាលៈទេសៈដែលសកលលោក ក៏ដូចជាប្រទេសទាំងពីរកំពុងជួបនូវស្ថានភាពជំងឺកូវីដ១៩នេះ៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង