សម្តេចប្រមុខរដ្ឋស្តីទី លើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពល​រដ្ឋក្នុងរាជធានីភ្នំពេញ បន្តចូលរួមសហការ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងក្នុងនាមប្រធានក្រុមការងារចុះជួយ​មណ្ឌលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បន្តការខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសអនុវត្តន៍​ខ្ជាប់​ខ្ជួននូវបណ្តាវិធានការរបស់រាជរដ្ឋា​ភិបាល និងក្រសួងជំនាញនូវអនាម័យខ្លួនប្រាណ ការហាត់​ប្រា​ណ ការអនុវត្តគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស់ការពារក្នុងករណីចាំបាច់ និងនៅកន្លែង​ដែលមានមនុស្សច្រើន ដើម្បីការពារខ្លួនយើង ការពារគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន សហគមន៍ និងសង្គមជាតិទាំងមូល។

នៅក្នុងពេលអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់សភាពការណ៍​សុខភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាប្រជាពលរដ្ឋរបស់មន្ត្រី និងអាជ្ញាធរនៅមូលដ្ឋានសង្កាត់ សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជម្រាបជូនអំពីស្ថានភាពនៃការ​រីក​រាលដាលរបស់វីរុសកូវីដ-១៩ នៅបណ្តាប្រទេសជុំវិញពិភព​លោក កំពុងមានការកើនឡើង និងរាតត្បាតយ៉ាងកាចសាហាវបំផុត ដែលមកដល់ពេលនេះ ជំងឺប្រភេទថ្មីនេះ មិនទាន់មាន​​អ្នកជំនាញវិទ្យាសាស្ត្រស្រាវ​ជ្រាវរកឃើញវ៉ាក់សាំងការពារ និងរកឃើញវិធីព្យាបាលប្រកប​ដោយប្រសិទ្ធភាពនៅឡើយទេ។

សម្តេចវិបុលសេនាភក្ដីបានបន្តថា ដោយឡែកនៅកម្ពុជា​អាស្រ័យ​ដោយរាជរដ្ឋាភិបាល និងក្រសួងជំ​នាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រង​សភាពការណ៍បានល្អ ព្រមទាំងបានត្រៀមលក្ខណៈ​ដាក់នូវបណ្តាវិធានការទប់ស្កាត់ការ​ពារបានល្អ និងទាន់ពេលវេលា បានធ្វើឱ្យស្ថានភាពនៃជំងឺនេះមានភាពធូរស្រាល​មួយកម្រិត​វិញ ទប់ស្កាត់បានការចម្លងចូលដល់សហគមន៍ប្រជាជន។ ជាងនេះទៀតប៉ុន្មានថ្ងៃជាប់ៗ​គ្នា​មកនេះ គឺយើងទប់ស្កាត់បានការមិនមានការឆ្លងថ្មី មិនមានអ្នកស្លាប់ ព្រមទាំងមានការព្យា​បាលចំនួនអ្នកជាសះស្បើយកើនដល់១១០នាក់ ក្នុងចំណោមអ្នកវិជ្ជមានជំងឺវីរ៉ុសកូវីដ-១៩ ចំនួន​១២២នាក់ក្នុងទូទាំងប្រទេស។ ប្រការទាំងនេះមិនមែនមានន័យថា មិនអាចកើតមាន​នូវរលកនៃការចម្លងកូវីដ-១៩ជាថ្មីនោះដែរ។ ដូច្នេះក្នុងមានតំណាងរាស្ត្រមណ្ឌលភ្នំពេញ សូម​លើកទឹកចិត្តបន្តខិតខំការប្រុងប្រយ័តការពារទប់ស្កាត់ជានិច្ចជាបន្តទៅមុខទៀត។

សម្ដេច​វិបុល​សេនាភក្ដីបានបន្ដទៀតថា ចំពោះមុខត្រូវខិតខំផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋឱ្យ​មាន​ការប្រុងប្រយ័ត្ន និងអនុវត្តន៍ខ្ជាប់ខ្ជួននូវបណ្តាវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងជំនាញ ជាពិសេសការអនុវត្តអនាម័យខ្លួនប្រាណ ហាត់ប្រាណ ការអនុវត្តគម្លាតសុវត្ថិភាព ត្រូវពាក់​ម៉ាស់​ការពារក្នុងករណីចាំបាច់ និងនៅកន្លែងដែលមានមនុស្សច្រើន ប្រការដែលសំខាន់នោះ​ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ត្រូវយល់ដឹង ដើម្បីការពារខ្លួនយើង ការពារគ្រួសារ មនុស្សជា​ទីស្រឡាញ់របស់ខ្លួន សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ​៕ by AKP

អត្ថបទដែលជាប់ទាក់ទង