ទទក២នឹងបន្តផ្សាយកម្មវិធីអប់រំពិសេសៗបន្ទាប់ពីជំងឺកូវីដ-១៩ស្ងប់ស្ងាត់
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ទទក២(TVK2)នឹងបន្តផ្សាយកម្មវិធីអប់រំពិសេសៗបន្ទាប់ពីជំងឺកូវីដ-១៩ស្ងប់ស្ងាត់។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក)នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រសួងព័ត៌មាននិងក្រសួងអប់រំសហការគ្នាបង្កើតកម្មវិធីសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍ ទទក២ (TVK2)នេះ នឹងនៅតែបន្តផ្សាយកម្មវិធីសិក្សាពីចម្ងាយទោះបីជំងឺកូវីដ-១៩ចប់លែងរាតត្បាតបន្តទៅទៀតក៏ដោយ ប៉ុន្តែមិនផ្សាយពេញម៉ោងទៀតទេ ទទក២នេះ នឹងផ្តោតតែលើកម្មវិធីអប់រំពិសេសៗប៉ុណ្ណោះ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា «ទទក២ ឬTVK2នេះជាកាណាល់មួយសម្រាប់ការអប់រំដូច្នេះយើងមិនអាចមានកម្មវិធីរៀនគ្រប់ម៉ោងទេ ប៉ុន្តែយើងអាចរៀនតែកម្មវិធីសម្រាប់ថ្នាក់ប្រឡងឬមួយថ្នាក់មុនប្រឡង ថ្នាក់ទី១១ឬ១២ យើងអាចនឹងរកគ្រូដែលជំនាញពូកែៗ គាត់នឹងមកបង្រៀន ខ្ញុំចង់និយាយនេះនៅពេលដែលសាលាបើកធម្មតាវិញហើយ អញ្ចឹងពេលហ្នឹងគ្រូគណិតយើងរកគ្រូគណិតដែលពូកែ យើងបង់លុយជូនគាត់ ហើយឲ្យគាត់បង្រៀន ដល់ពេលនឹង ឱកាសមានដូចគ្នា បានន័យថា ធម្មតាគ្រូល្អគ្រូពូកែភាគច្រើននៅទីប្រជុំជន នៅជនបទគ្រូល្មម អញ្ចឹងបើយើងបើកមានកម្មវិធីនេះបានគឺក្មេងនៅជនបទឆ្ងាយប៉ុណ្ណាក៏ដោយ ក៏គាត់មានឱកាសរៀនពីគ្រូពូកែនឹងគេដែរ»។ AKP