រថភ្លើងពិសេសរបស់លោក គីម ត្រូវបានប្រទះឃើញនៅទីក្រុង Wonsan ចំពេលដែលកំពុងមានពាក្យចចាមអារ៉ាមជុំវិញបញ្ហាសុខភាពរបស់លោក
បរទេស៖ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតាមដានរបស់សហរដ្ឋអាមេរិកបាននិយាយដោយដកស្រង់រូបភាពតាមផ្កាយរណបពាណិជ្ជកម្មនៅលើតំបន់ថា រថភ្លើងដែលសន្មតថា ជារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ត្រូវបានគេប្រទះឃើញនៅស្ថានីយមួយនៅទីក្រុង Wonsan ដែលជាទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋកុម្មុយនិស្តមួយនេះ ចំពេលដែលកំពុងមានការសង្ស័យអំពីបញ្ហាសុខភាពរបស់លោក គីម។
យោងតាមរូបភាពតាមផ្កាយរណបនោះបានបង្ហាញថា រថភ្លើងមួយនោះ «ប្រហែលជារបស់លោក គីម ជុង អ៊ុន ត្រូវបានចតនៅស្ថានីយរថភ្លើងអ្នកដឹកនាំដែលបម្រើសេវាកម្មនៅបរិវេណទីក្រុង Wonsan ចាប់តាំងពីយ៉ាងហោចណាស់ថ្ងៃទី២១ ខែមេសា» ។ សេចក្តីរាយការណ៍បាននិយាយថា រថភ្លើងដែលមានប្រវែងប្រហែល ២៥០ម៉ែត្រនោះ បើទោះបីជាត្រូវបានគ្របដណ្ដប់ដោយដំបូលស្ថានីយក៏ដោយ ក៏គេអាចមើលឃើញនៅស្ថានីយរថភ្លើងដែលបម្រុងទុកសម្រាប់ប្រើប្រាស់ដោយក្រុមគ្រួសាររបស់លោក គីម ដែរ វាមិនមានវត្តមាននៅថ្ងៃទី១៥ ខែមេសាទេ ប៉ុន្តែមានវត្តមាននៅថ្ងៃទី២១ និង ២៣ ខែមេសា។
សេចក្តីរាយការណ៍បានបន្ថែមថា «វត្តមានរបស់រថភ្លើងនេះមិនបង្ហាញអំពីទីជម្រករបស់មេដឹកនាំកូរ៉េខាងជើង ឬចង្អុលបង្ហាញអំពីសុខភាពរបស់លោកនោះទេ ប៉ុន្តែវាផ្តល់នូវទម្ងន់ដល់របាយការណ៍ដែលថា លោក គីម កំពុងស្នាក់នៅតំបន់អភិជនមួយនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង»។
របាយការណ៍នេះបានលេចឡើង នៅខណៈដែលមានពាក្យចចាមអារ៉ាមអំពីសុខភាពរបស់លោក គីម បានធ្វើទុក្ខនៅពេលដែលលោក គីម ទំនងជាកំពុងធ្វើទស្សនកិច្ចប្រចាំឆ្នាំដ៏សំខាន់មួយនៅវិមាន Kumsusan ក្នុងឱកាសគម្រប់ខួបកំណើត ១៥ឆ្នាំរបស់ស្ថាបនិករដ្ឋ និងជីតារបស់លោក គឺលោក គីម អ៊ីល-ស៊ុង៕ (ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី) AKP