ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF បានជួបនឹងសត្វដំរីអាស៊ីមួយហ្វូង ក្នុងដែនជម្រកសត្វព្រៃស្រែពក
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញនេះ ដល់អ្នកសារព័ត៌មាន តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា សត្វដំរីអាស៊ីមួយហ្វូង ត្រូវបានក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF ប្រទះឃើញ ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរីនៅ ពាក់កណ្តាលខែមេសាកន្លងទៅនេះ ដោយមានដំរីពេញវ័យប្រមាណជាចំនួន ៥ក្បាល កូនដំរី ចំនួន ៤ក្បាល និងដំរីវ័យជំទង់ប្រមាណជាចំនួន៤ក្បាល។
គេបានសង្កេតឃើញថា កូនដំរីបានផ្តុំគ្នានៅជិតមេរបស់ពួកគេ ដោយខ្លះទំពាអៀង ខ្លះទៀតយោលប្រមោយលេងជាមួយមេរបស់ខ្លួន ខណៈពូជដំរីអាស៊ីមួយហ្វូងនេះ កំពុងតែសម្រាកជុំគ្នានៅក្នុងទីជម្រកព្រៃល្បោះមួយនេះយ៉ាងសុខសាន្ត។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា តាមរយៈវីដេអូខ្លីដែលថតដោយសមាជិកក្រុមស្រាវជ្រាវ ពីលើដើមឈើមួយដែលជាទីខ្ពស់សុវត្ថិភាព ជាភ័ស្តុតាងមួយដែលបង្ហាញអំពី វត្តមាននៃពូជដំរីអាស៊ីនៅក្នុងតំបន់ព្រៃការពារ និងលទ្ធភាព បង្កកំណើតរបស់ពួកវា និងជាសញ្ញាវិជ្ជមាន សម្រាប់ការអភិរក្ស៕
វ៉ាង ភក្តី ០១ ០៥ ២០២០ / រូបភាព៖ ពីក្រសួងបរិស្ថានដែលថតដោយWWF