សែន សំណាង !!! បុរសជនជាតិអាមេរិកម្នាក់ទទួលបាន សញ្ជាតិខ្មែរ ក្រោយទទួលបានដីមកវិញ ៦ឡូត៍ នៅខេត្តកំពត
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្រេចផ្តល់សញ្ជាតិខ្មែរ ដល់លោក អូប្រាយអិន ហ្សក អាលីន ( O Brien George Allen ) ជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៦ នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក ដោយប្តូរឈ្មោះ សែន សំណាង ( SEN SAMNANG )។
កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយដោះស្រាយ ផ្តល់យុត្តិធម៌ដល់លោក អូប្រាយអិន ហ្សក អាលីន ( O Brien George Allen ) ហៅ ថម ឲ្យទទួលបានដី និងផ្ទះ ដែលបាត់បង់ទាំងអស់មកវិញ។ ដី និងផ្ទះរបស់បុរសអាមេរិក នៅខេត្តកំពតនេះ ត្រូវបានប្អូនធម៌ ដែលជាជនជាតិខ្មែរ បន្លំយក។
ក៏ប៉ុន្តែករណីនេះ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដោះស្រាយ ប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ តាមដំណោះស្រាយឈ្នះឈ្នះ ប្រគល់ដី និងផ្ទះនៅខេត្តកំពតនោះ ឲ្យដល់លោក សែន សំណាង វិញ។ នេះបើតាមឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន៕ by Swift News