ឯកឧត្តម ជុំ កុសល គាំទ្រច្បាប់ « ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន »
ឯកឧត្តម ជុំ កុសល បានសរសេរការគាំទ្រច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅក្នុងបណ្តាញសង្គមថា៖
” យើងមានច្បាប់ « ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នហើយ » តែប្រទេសយើងនៅទាន់ឈានទៅដល់ប្រកាសឲ្យស្ថិតនៅក្នុងភាពអាសន្ននៅឡើយដែរ ហើយយើងក៏មិនចង់ឃើញប្រទេសយើងធ្លាក់ទៅដល់ចំណុចនោះដែរ ។ មានច្បាប់ ប្រសើរជាងមិនទាន់មាន ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា ៖« ច្បាប់នេះគឺជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារ:សំខាន់សម្រាប់កម្ពុជាក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗខណ:ប្រទេសយើងនៅមិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងប្រទេសពេលមានអាសន្ននៅឡើយ » ។
ការបង្កើតនេះឡើងគឺជាការផ្តល់មូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញ និង ជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគាំពារទ្រព្យសម្បត្តិនិងបរិស្ថាន ។
ប្រទេសណាក៏គេមានច្បាប់នេះដែរ ដើម្បីត្រៀមទុកអនុវត្តពេលប្រទេសត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន ។ ហើយ នៅពេលមានការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នហើយគឺដាច់ខាតត្រូវតែមានការប៉ះពាល់ដល់សិទ្ធិសេរីមួយចំនួនរបស់ប្រជាពលរដ្ឋដោយចៀសមិនផុត ។
ប្រទេសជាតិដែលឈានទៅដល់ ការប្រកាសឲ្យស្ថិតក្នុងគ្រាអាសន្នលុះត្រាតែប្រទេសនោះមានការកើតឡើងដោយសង្គ្រាមឬការឈ្លានពានពីកម្លាំងបរទេស , គ្រោះអាសន្នបន្ទាន់ចំពោះសុខភាព , វឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ:ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែងឬបង្កគ្រោះថ្នាក់រីករាលដល់កម្រិតទូទាំងប្រទេស មិនមែនចេះតែដាក់ដោយគ្មានហេតុនោះទេ ។ សូមគាំទ្រច្បាប់ដ៏មានសារ:សំខាន់នេះ ។ “