សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ
នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «តាមសំណើរបស់ ឯឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ហើយដោយសារការកកស្ទះ ឬក៏ភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ហើយក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន»។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា «តាមរយៈជំងឺ កូវីដ-១៩ ដែលយើងកំពុងជួបប្រទះនេះ ប្រទេសមួយចំនួនបានដោះលែងអ្នកទោស ប៉ុន្ដែយើងមិនដល់ថ្នាក់នឹងទេ គឺនៅរក្សាបាន ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គឺយើងបន្ដដោះស្រាយការកកស្ទះនេះ ទៅនឹងភាពចង្អៀតណែន»។
ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា តាមកិច្ចប្រជុំវាយតម្លៃការដាក់ចេញយុទ្ធនាការដើម្បីការដោះស្រាយបញ្ហាការកកស្ទះភាពចង្អៀតណែន នៅក្នុងពន្ធនាគារ គឺជារឿងចាំបាច់ បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ដែលអនុវត្តទទួលបានជោគជ័យ។
ឯកឧត្តម បន្ថែមថា ចំនួនអ្នកជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានកើនឡើង បើតាមរបាយការណ៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងទៅ ជនល្មើសដែលត្រូវបានចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ២ម៉ឺននាក់ ហើយសំណុំរឿងត្រូវបានកើនឡើងជាគំហុកនៅតាមសាលាដំបូង រីឯអ្នកជាប់ឃុំ នៅតាមពន្ធនាគារក៏មានការកើនឡើងផងដែរ៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា