ក្រសួងសុខាភិបាល នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកការរៀបចំកម្មពិធីរៀបចំមង្គលការ និងពិធីផ្សេងៗទៀត ដើម្បីការពារកុំឲ្យកើតមានរលកទី២ នៃជំងឺកូវីដ១៩
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលនៅតែស្នើឲ្យមានការពន្យាពេល នៃការរៀបចំំអាពាហ៍ពិពោហ៍ ព្រោះកម្ពុជានៅតែមានភាពប្រឈមនូវរលកទី២ ដដែល។
«បើទោះបីកម្ពុជា មិនមានអ្នកឆ្លងថ្មី ហើយមិនមានអ្នកស្លាប់ក៏ដោយ ប៉ុន្ដែយើងនៅតែប្រឈមដដែល»
តែទោះបីជាយ៉ាងណា ប្រសិនបើយើងមានការចាំបាច់មិនអាចខកខានបាននៃការរៀបចំពិធី គឺត្រូវប្រកាន់ខ្ជាប់នូវរបៀបរស់នៅថ្មី ដោយប្រកាន់ខ្ជាប់ ការរស់នៅបែបអនាម័យ ការលាងដៃជាប្រចាំ ការប្រើប្រាស់ម៉ាស់ និងជាពិសេស ការរក្សាគម្លាតសង្គម និងបុគ្គល។
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់បន្ថែម «ការរៀបអាពាហ៍ពិពាហ៍ និងការរៀបចំពិធីផ្សេងៗ បើអាចពន្យារពេលបានគួរតែពន្យារពេល ដើម្បីទុកឲ្យអ្នកជំនាញតាមដាន យ៉ាងតិច ២ ទៅ៣ខែទៀត នៃស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា»។
ក្រសួងសុខាភិបាល នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកការរៀបចំកម្មពិធីរៀបចំមង្គលការ និងពិធីផ្សេងៗទៀត ដើម្បីការពារកុំឲ្យកើតមានរលកទី២ នៃជំងឺកូវីដ១៩ ៕