ប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ទទួលបានអណ្តូងទឹកស្អាតកាកបាទក្រហមកម្ពុជា ពីអភិបាលខេត្ត

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋប្រមាណជា ៥០០គ្រួសាររស់នៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទទួលបានអណ្តូងទឹកស្អាតប្រើប្រាស់ ចំនួន ១២អណ្តូង ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ទឹកស្អាតនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារ និង កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល។ ជាពិសេសការលាងសម្អាតដៃឱ្យបានញឹកញាប់​ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល ត្រូវទម្លាប់​ហូបទឹកក្តៅរាល់ថ្ងៃ ។ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាអណ្ដូងទឹកស្អាតទាំងនេះឱ្យបានប្រើប្រាស់យូរអង្វែង និងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដេកសម្រាកក្នុងមុងជានិច្ច ការពារកុំឱ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេង ៗ ជាពិសេសជំងឺកូវីដ-១៩។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនជនចាស់ជរា គ្រួសារក្រីក្រចំនួន ៤៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម អាវយឺត ត្រីខកំប៉ុង និងសម្ភារការពារការឆ្លងនៃមេរោគកូវីដ-១៩ និងបានឧបត្ថម្ភថវិកាជូនកម្លាំងប្រជាការពារចំនួន ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូចំនួន ៦នាក់ សរុបថវិកាចំនួន ៣០០ដុល្លារអាម៉េរិក ផងដែរ៕ ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី (by AKP)

អត្ថបទដែលជាប់ទាក់ទង