CAMSOC ពិភាក្សាលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានពិភាក្សាបន្ថែមទៀតលើស្នាដៃគំនូរស្លាកសញ្ញា (LOGO), និមិត្តសញ្ញា (Mascot) និងបាវចនា ឬពាក្យស្លោកតំណាងឱ្យស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា កិច្ចពិភាក្សាគ្នាលើរបៀបវារៈនេះបានពិនិត្យមើលទៅលើនិមិត្តសញ្ញា ដែលយើងបានឯកភាពគ្នាក្នុងជំនាញរួច ហើយស្លាកសញ្ញា នៅតែបន្តការកែសម្រួលបន្ថែមទៀត ដើម្បីឈានដល់ការសម្រេចជ្រើសរើសបេក្ខភាព ដែលដាក់ប្រឡងស្នាដៃនោះ មុនពេលដាក់ស្នើសុំការសម្រេចជូនសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC និងឆ្លងកាត់ថ្នាក់ដឹកនាំកំពូលជាចុងក្រោយបំផុតពីសម្តេចតេជោនាយករដមន្ត្រី។
ឯកឧត្ដមបានបញ្ជាក់ថា ចំពោះបាវចនា ឬពាក្យស្លោកតំណាងឱ្យស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងការពិចារណានៅឡើយនោះ មានដូចជាពាក្យ «កីឡាស្ថិតក្នុងសន្តិភាព» ឬ «កីឡារស់ក្នុងសន្តិភាព» Sport Into Peace និង Unity We Win «ឯកភាពគ្នាឈ្នះទាំងអស់គ្នា», «យើងឈ្នះដោយកម្លាំងសាមគ្គី» ឬ «ជោគជ័យបានមកពីសាមគ្គីភាព» និង Unity For Peace and Sport ដែលមានន័យថា «រួមគ្នាដើម្បីសន្តិភាព និងកីឡា ឬ «ឯកភាពគ្នា ដើម្បីសន្តិភាព និងកីឡា» ជាដើម។
សូមបញ្ជាក់ថា ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោកតំណាងឱ្យស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កំពុងបន្តពិនិត្យ និងកែសម្រួល ធ្វើយ៉ាងឱ្យទម្រង់តំណាងស៊ីហ្គេម២០២៣ របស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានអត្ថន័យស៊ីជម្រៅ តាមអត្ថន័យ អត្ថរូបតាមប្រពៃណីវប្បធម៌ខ្មែរ ព្រមទាំងបញ្ជាក់អំពីអត្ថន័យ អត្ថរូបសម្រាប់បណ្តាប្រទេសទាំង១១នៃសមាជិកអាស៊ាន តាមរយៈការប្រើប្រាស់និមិត្តសញ្ញាសហព័ន្ធកីឡអាស៊ីអាគ្នេយ៍ និងប្រើប្រាស់ពាក្យ ពេចន៍ជាភាសាអង់គ្លេស ដែលមានលក្ខណៈជាសាកលផងដែរ។
គោលដៅនៃកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់នេះ គឺដើម្បីច្បាមយកនូវភាពជោគជ័យជាប្រវត្តិសាស្ត្រ នៅក្នុងការទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃព្រឹត្តិ ការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាកំពុងសម្រួចគោលដៅតាមផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ៕ by AKP